ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​៖​ អ្នកជំងឺកូវីដ១៩ ទាំង ៣នាក់​ នៅក្នុងខេត្តក្រចេះ បានជាសះស្បើយអស់ហើយ

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖ ​បេីតាមការ​បញ្ជាក់របស់លោក វ៉ា ថន អភិបាល​ នៃគណៈអភិបាលខេត្តក្រចេះ​ បានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ ដែលរកឃើញនៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះកន្លងទៅនោះ​ ពេលនេះ​ត្រូវ​បានព្យាបាលជាសះស្បើយអស់ហើយ។

លោកអភិបាល​ខេត្ត​ បន្តថា​ អ្នកជំងឺទាំង​ ៣នាក់នេះ៖​ ទី១ ឈ្មោះ ជុំ ចន្ធី ជាកម្មការិនីរោងចក្រឌីនហាន់ អាយុ ២៩ឆ្នាំ ត្រូវបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។​ ចំណែក​អ្នកជំងឺពីរនាក់ទៀត ដែលជាអ្នកឆ្លងពីឈ្មោះ ជុំ ចន្ធី រួមមាន៖​ ឈ្មោះ យាម ដានី ភេទស្រី អាយុ ២៩ឆ្នាំ ;និងឈ្មោះ ស៊ីម សារ៉ុម ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកស្នួល​ នៅថ្ងៃទី២៦ ខែមេសានេះ។

បច្ចុប្បន្ន​អ្នកជំងឺទាំង៣នាក់នេះ៖ ត្រូវបានណែនាំឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធានាថាជំងឺរបស់គេមិនលាប់ឡើងវិញ ហើយអាចនាំឱ្យមានការឆ្លងទៅដល់អ្នកដទៃ។

គួររម្លឹកថា​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តក្រចេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ខាងលើនេះ។ ក្រោយពេលរកឃើញភ្លាមៗរដ្ឋបាលខេត្ត បានចាត់វិធានការស្រាវជ្រាវរកអ្នកប៉ះពាល់ភ្លាមៗ និងណែនាំឱ្យពួកគេធ្វើចត្តាឡីស័ក ហើយបានជួយទប់ស្កាត់កុំឱ្យមានការរាលដាល។

បើទោះបីអ្នកជំងឺត្រូវបានព្យាបាលឱ្យជាអស់ហើយក្តី តែលោកអភិបាលខេត្តក្រចេះ បានអះអាងថា ខេត្តមិនបានទម្លាក់ចោលការប្រុងប្រយ័ត្ន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជានោះឡើយ។

ជាមួយគ្នានេះ​ អភិបាល​ខេត្ត​ ក៏បានអះអាងទៀតថា រដ្ឋបាលខេត្ត និងអាជ្ញាធរនៅតាមមូលដ្ឋាន នៅតែបន្តចុះអប់រំ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»។ ជាមួយគ្នានោះ គឺត្រូវពិនិត្យឱ្យបានដិតដល់សម្រាប់អ្នកចំណូលស្រុក ឬសាច់ញាតិពីទីឆ្ងាយ ដើម្បីបង្ការការចម្លងជំងឺ។

បន្ថែមពីនេះ​ លោក វ៉ា ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់ មិនត្រូវធ្វេសប្រហែស និងទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះឡើយ ដោយត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ១៩ ដែលណែនាំដោយក្រសួងសុខាភិបាល។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខេត្តបានរៀបចំមនុស្សប្រមាណ ២,១៦៤នាក់ ឱ្យធ្វើចត្តាឡីស័ក ដោយអ្នកខ្លះធ្វើចត្តាឡីស័កនៅផ្ទះ និងខ្លះទៀតធ្វើនៅមណ្ឌលចត្តាឡីស័ករៀបចំដោយអាជ្ញាធរ។​ ក្នុងនោះ ៤៤៧នាក់ ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរខេត្ត។

គួរបញ្ជាក់ថា​ រហូតមកដល់ពេលនេះ មនុស្ស ១៧៤នាក់ បានអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័ក ហើយ ២៧៣នាក់ កំពុងស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័ក៕ដោយ​៖សហការី​


ចែករំលែក៖