ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកកែវសីមា និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ, អប់រំមនុស្សម្នាក់ និងដកហូតម៉ូតូ២គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ហឿន សុខណា អភិបាលរងនៃគណៈអភិបាលស្រុកកែវសីមា បានដឹកនាំក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា សហការជាមួយក្រុមការងារអភិរក្សរបស់ដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា និងក្នុងតំបន់អនុវត្តគម្រោង REDD+ ដែលគាំទ្រដោយគម្រោងរបស់អង្គការ WCS ក្នុងនោះបានទប់ស្កាត់បទល្មើសកាប់រុករាន ហើយធ្វើកិច្ចសន្យាព្រមាននិងអប់រំណែនាំមនុស្សម្នាក់ និងដកហូតម៉ូតូ២គ្រឿង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចុះទៅដល់ទីតាំងចាប់ពីចំណុចក្រោយស្នាក់ការកែវសីមា ដល់ចំណុចស្រែល្វី ហើយសង្កេតឃើញថា ដីដែលបានកាប់រានចន្លោះឆ្នាំ២០១៨ -២០២១ ដោយខុសច្បាប់ បាននិងកំពុងដាំដុះដំឡូងមីរួចរាល់ប្រមាណ ១០%-១៥%។

-ទីតាំងចាប់ពីចំណុចក្រោយសាលាស្រុកកែវសីមាដល់ចំណុចព្រំដែនសង្កេតឃើញថា ដីដែលបានកាប់រានខុសច្បាប់ចន្លោះឆ្នាំ ២០១៨-២០២១ បានកំពុងដាំដុះដំឡូងមីរួចរាល់ប្រមាណ៥០%។

-ដកហូតម៉ូតូច្នៃចំនួន០២គ្រឿង នៅចំណុចទីតាំងដីព្រៃដែលមន្រ្តីឧទ្យានុរក្សកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

-បានធ្វើកិច្ចសន្យាដោយព្រមាន និងអប់រំណែនាំមនុស្សចំនួន០១នាក់ ហើយហាមប្រាមការចូលក្នុងតំបន់ដែលត្រូវហាមឃាត់៕

ដោយ៖ សហការី


ចែករំលែក៖