ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តឧត្ដរមានជ័យ ចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ដោយគោរពអនុវត្តតាមសេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹង ការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីរួមធានាការពារអាយុ ជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបាន ជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ២០២១ ដែលកំពុងកើតមានក្នុងសហគមន៍ដ៏គួរឱ្យព្រួយបារម្ភ ក្នុងគោលដៅដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លង ទ្រង់ទ្រាយធំក្នុងសហគមន៍ និងការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្នុង នាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ខ្ញុំសូមសម្រេចដាក់ចេញនូវវិធានការណែនាំអនុវត្តបន្ទាន់ ដូចខាងក្រោម ៖

ក-រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ៖
ហាមឃាត់ដាច់ខាតការជួបជុំ ឬការប្រមូលផ្តុំមនុស្សសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានទទួល ខុសត្រូវរបស់ខ្លួន ក្នុងភូមិសាស្ត្រទូទាំងខេត្តឧត្តរមានជ័យរហូតដល់មានការជូនដំណឹងជាថ្មី បន្តពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ឱ្យបានហ្មត់ចត់ (គ្រប់គ្រងចំណូល និងចំណាក ស្រុក) ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយ និងណែនាំជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
-ត្រូវអនុវត្តវិធានការច្បាប់ជាធរមានចំពោះបុគ្គល ឬទីតាំងទាំងឡាយណាដែលមិនសហការនិងមិន ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល, របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តឧត្តរមានជ័យ។

ក្នុងអំឡុងពេលនេះ រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ហាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចាត់ វិធានការចាំបាច់នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន។
ខ-មន្ទីរ អង្គភាពជំនាញ ៖
បន្តគ្រប់គ្រង និងតាមដានមុខសញ្ញាប្រតិបត្តិករនានាដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យបាន ខ្ជាប់ខ្ជួន ពិសេសពង្រឹងការអនុវត្តវិធានអនាម័យដូចជាការពាក់ម៉ាស់ ការរៀបចំជែល/ អាកុលបាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ។ល។ ស្របតាមការណែនាំ និងវិធានសុខាភិបាល ហើយចំពោះ គោលដៅទេសចរណ៍នានាទាំងអស់ក្នុងខេត្ត ត្រូវអនុវត្តឱ្យខាងតែបាននូវស្មារតីសារាចរណែនាំលេខ ០៥ សណន ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ និងត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ប្រសិនបើមាន ប្រតិបត្តិករណាមិនគោរពអនុវត្តតាមការណែនាំ។
ណែនាំឱ្យម្ចាស់មូលដ្ឋានអាជីវកម្មបម្រើសេវាកម្មភេសជ្ជៈចំណី ម្ហូបអាហារ បន្តការអនុវត្តវិធានអនាម័យ ដូចជាការរៀបចំជែល/អាកុលបាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ។ល។ ស្របតាម ការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ពិសេសលើកទឹកចិត្តអតិថិជនក្នុងការប្រើជម្រើស សេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទ។

គ-បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម ៖

– សូមបន្តនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ បើចាំបាច់ត្រូវចេញពីផ្ទះសូមជ្រើសរើសការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗដែលមិនមានការជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថាការធ្វើដំណើរនោះប្រកបដោយសុវត្ថិភាពពីការចម្លងមេរោគកូវីដ-១៩ «ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ ចូលតំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចៀសវាងនូវការរៀបចំពិធីផ្សេងៗ ឬកម្មវិធីជួបជុំទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្ស ចូលរួមច្រើន កាត់បន្ថយជាអតិបរមានូវការជួបជុំដែលមានលក្ខណៈប្រមូលផ្តុំនាំឱ្យមានមនុស្សច្រើនជួបគ្នា ដូចជាការ ធ្វើដំណើររួមគ្នា ការប្រមូលផ្តុំដើម្បីបរិភោគអាហារ ឬផឹកស៊ី ឬលួចលេងល្បែងស៊ីសងខុសច្បាប់ ឬច្រៀងរាំរួមគ្នាលើកលែងតែការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងគេហដ្ឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសព ដោយកម្រិតមិនឱ្យមានការជួបជុំមនុស្សក្នុងទ្រង់ទ្រាយធំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានអនាម័យ និងតាមការ កំណត់របស់អាជ្ញាធរមូលដ្ឋានអនុវត្តវិធានការ ៣ការពារ” និង “៣កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀត សំដៅ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។

ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក មេបញ្ជាការកងកម្លាំងទាំង ៣ប្រភេទរបស់ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំនេះ រួមនឹងរាល់លិខិតបទដ្ឋានគតិយុត្តិ រដ្ឋបាលនានាដើម្បី ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលនៅជាធរមានដោយស្មារតីចូលរួមប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារសហគមន៍យើងពីជម្ងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖