ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានជនបរទេសដែលធ្វើដំណើរឆ្លងកាត់ឃើញក៏ជួយដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្រ្គោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ ជាតិលេខ៧ ត្រង់ចំណុចស្រែសំគង់ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះភីឡា ខាំសែង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង។
ចំណែកអ្នករួមដំណើរប្រពន្ធរងរបួសស្រាល។
ជនរងគ្រោះ បើកម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ស ធ្វើដំណើរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្ថិតក្នុងចំណុចស្រែសំគង់ ក៏បានបត់ឆ្វេងស្របទិសគ្នាជាមួយរថយន្តវីស្តូ ពណ៌ខ្មៅ
មកពីក្រោយបានមកបុកពេញទំហឹងទទឹងម៉ូតូបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងឆ្វេង និងឈាមត្រចៀក ចំណែកប្រពន្ធរងរបួសស្រាល។
ក្រោយកើតហេតុរថយន្តបង្កម៉ាកវីស្តូពណ៌ខ្មៅបានបើករត់គេចបាត់ស្រមោល។
មុនកើតហេតុគេឃើញជនរងគ្រោះដឹកជញ្ជូនស្រា សាច់ក្លែមមានទាំងធ្យូងចង្ក្រានទាំងសភាពស្រវឹងផង។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះពិនិត្យនិងសន្និដ្ឋានថា អ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នល្មើសច្បាប់ចរាចរណ៍។ រីឯរថយន្តពិតជាបានល្មើសច្បាប់ចរាចរណ៍ដោយបើករត់ មិនទទួលខុសត្រូវ៕
ដោយ៖ មាស សុផាត