ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី០៥ ខែឧសភា

ចែករំលែក៖

ភ្នំពេញ, សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គម្បីវិនិយោគលើការងារឆ្មប”។

ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាព និងកុមារ ខ្ញុំមានក្តីសោមនស្សជាពន្លឹកដោយបានចូលរួម ជាមួយប្អូនៗ ក្មួយៗឆ្មបជំនាញទាំងអស់ ក្នុងឱកាសដ៏ប្រសើរដែលពិភពលោក ប្រារព្ធទិវាឆ្មបអន្តរជាតិ និង ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាឆ្មបអន្តរជាតិ និងទិវាឆ្មបជាតិរួមគ្នា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប – Follow the Data: Invest in Midwives” ។

ទិវាឆ្មបជាតិ-អន្តរជាតិ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានក្នុងពេល កន្លងមក ព្រមទាំងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឆ្មបជំនាញទាំងអស់ ទូទាំងសកលលោកអំពីបញ្ហា ប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងការងារឆ្មបដែលត្រូវបំពេញ ដើម្បីឈានទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមលើកកម្ពស់ការយល់ដឹងក្នុងចំណោមឥស្សរជន ថ្នាក់ដឹកនាំ អ្នករៀបចំ គោលនយោបាយ និងប្រជាជនទាំងអស់អំពីសារសំខាន់ និងតម្រូវការឆ្មបជំនាញនៅក្នុងប្រទេសនីមួយៗ ពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

ប្រធានបទសម្រាប់ទិវាឆ្មបអន្តរជាតិ ឆ្នាំនេះ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប – Follow the Data: Invest in Midwives” ត្រូវបានជ្រើសយកតាមការសិក្សាថ្មីមួយដែលធ្វើឡើងរួមគ្នា រវាងអង្គការ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) សមាគមឆ្មបអន្តរជាតិ (ICM) និងអង្គការសុខភាព ពិភពលោក (WHO) នៅក្នុងប្រទេសដែលមានអត្រាមរណភាពមាតា និងទារកទើបនឹងកើតច្រើនជាងគេចំនួន ៨៨ប្រទេស។ ការសិក្សានេះបានបញ្ចប់ និងបានផ្សព្វផ្សាយនៅក្នុងឯកសារឡង់សេតសុខភាព សកលលោក (the lancet Global Health) ប្រចាំខែមករា ឆ្នាំ២០២១នេះ ដោយផ្ដល់ជាអនុសាសន៍ថា ប្រសិនបើប្រទេសទាំងអស់អាចសម្រេចបានអត្រាគ្របដណ្ដប់ជាសកលលើការផ្តល់អន្តរាគមន៍ចាំបាច់ និង សេវាថែទាំពេញលេញដោយឆ្មបជំនាញ ជូនស្រ្តី និងទារកទើបកើត នោះនៅឆ្នាំ២០៣៥ ពិភពលោកនឹង អាចកាត់បន្ថយការស្លាប់របស់មាតាបាន៦៧%កាត់បន្ថយការស្លាប់របស់ទារកបាន៦៤% និងកាត់បន្ថយ ការស្លាប់កូនក្នុងផ្ទៃបាន៦៥%។ ផ្ទុយទៅវិញ ប្រសិនបើគ្មានការយកចិត្តទុកដាក់ទៅលើការងារឆ្មបទេនោះ ហើយបណ្ដោយឱ្យមានការថយចុះនៃអត្រាគ្របដណ្តប់ជាសកលនេះត្រឹមតែ២% ប៉ុណ្ណោះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នឹងអាចធ្វើឱ្យមានមាតានិងទារកស្លាប់ប្រមាណជា ៥៥២.០០០នាក់ បន្ថែមលើចំនួនស្លាប់ ដែលមាននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ការសិក្សាក៏បានបង្ហាញច្បាស់ថា ឆ្មបជំនាញដែលទទួល បានការបណ្តុះបណ្តាលពេញលេញ គោរពខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមស្តង់ដារ កម្រិតសកលគឺជាជនគន្លឹះ ជាអ្នករួមចំណែកសំខាន់ក្នុងការសង្គ្រោះជីវិតស្ត្រី និងទារក។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយជំងឺកាត់បន្ថយការស្លាប់របស់មាតា និង ទារកនេះ បច្ចុប្បន្នពិភពលោកទាំងមូលកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយដោយសារការញាំញីពីវីរុស កូវីដ-១៩ ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ ជំងឺកូវីដ-១៩ បានឆក់យក ជីវិតមនុស្សយ៉ាងច្រើន ហើយអ្នកដែលងាយរងគ្រោះជាងគេ គឺមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកមាន ជំងឺរ៉ាំរ៉ៃប្រចាំកាយ។ បន្ទុកដ៏ធ្ងន់បានធ្លាក់មកលើមន្ត្រី និងបុគ្គលិកសុខាភិបាលដែលជានិច្ចកាលត្រូវព្យាបាល និងមើលថែទាំអ្នកជំងឺ។ ក្រៅពីអនុវត្តអន្តរាគមន៍ផ្នែកសម្ភព និងសេវាថែទាំពេញលេញជូនស្រ្តីមានផ្ទៃពោះ មាតា និងទារក ឆ្មបជំនាញទាំងអស់ក៏ជាអ្នករួមចំណែកជួយទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន ដូចជា មេរោគអេដស៍ ស្វាយ រលាកថ្លើម ប្រភេទបេ រួមទាំងការបង្ការការរីករាលដាលវីរុសកូវីដ-១៩ ផងដែរ។

ដូចគ្នានឹងប្រទេសនានាលើពិភពលោកដែរ ព្រះរាជាណាចក្រកម្ពុជាក៏កំពុងទទួលរងនូវផលប៉ះពាល់ អវិជ្ជមានដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជាហេតុតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ទាន់ និង ចាំបាច់ជាច្រើន ដើម្បីដោះស្រាយ បិទខ្ទប់ បញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យបានឆាប់បំផុត។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ សំដែងនូវអំណរគុណជាអនេកចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ មោះមុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានបំពេញការងារយ៉ាងសកម្ម ដើម្បីការពារជនរួមជាតិពីវិបត្តិជំងឺដ៏កាចសាហាវនេះ និងដឹកនាំប្រទេសជាតិទៅកាន់ប្រក្រតីភាពឡើងវិញ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុម គ្រូពេទ្យ ឆ្មបជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងក្រុមការងារជួរមុខ ទាំងអស់ ដែលកំពុងបំពេញការងារយ៉ាងសកម្ម ស្វិតស្វាញ អត់ធ្មត់ ប្រកបដោយទឹកចិត្តក្លាហាន និងលះបង់ ខ្ពស់ក្នុងការតាមស្រាវជ្រាវរកករណីសង្ស័យកូវីដ-១៩ ធ្វើចត្តាឡីស័ក យកសំណាកធ្វើតេស្ត ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺរហូតមក៕ ដោយ៖សុខ ខេមរា


ចែករំលែក៖