ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម សូម្បីតែលក់អីវ៉ាន់ចាប់ហួយ និងមិនអនុញ្ញាតឱ្យចេញ ចូលដាច់ខាត

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវបានចែក ចេញជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម។ តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ ដូរអីវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ ចូលក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ  ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ មេសានេះតទៅ ។

    នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference  នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសានេះ ដើម្បីមានវិធានការផ្សេងចំពោះតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហមឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីអនុវត្តនូវវិធានការបិទខ្ទប់តំបន់ដែលត្រូវបិទខ្ទប់ ពិសេសតំបន់ពណ៌លឿងទុំ និងតំបន់ក្រហម ។ ក្នុងតំបន់ទាំង២នេះ អាជ្ញាធរខណ្ឌត្រូវចុះល្បាតក្នុងមូលដ្ឋាននេះជាប្រចាំដើម្បីទទួលបានព័ត៌មាន ដោយមិនឱ្យមានការជួបជុំ ឬផឹកស៊ីជាដាច់ខាត បើមានត្រូវតែចាប់យកមកអនុវត្តទោស ។ 

   លោកបានបន្តទៀតថា ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ គឺយើងមិនអាចលុបបំបាត់បាននោះទេ ។ ដូច្នេះត្រូវតែផ្សព្វផ្សាយនិងធ្វើចលនាឱ្យពួកគាត់បានចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់អាជ្ញាធរយើង ។

   ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានជំរុញឱ្យបន្តការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពិសេសការផ្តល់អំណោយជូនបងប្អូនកម្មករ កម្មការីនី ទៅដល់តាមបន្ទប់ជួល ដោយមកដល់ពេលនេះ យើងបានចែកអំណោយទៅប្រជាពលរដ្ឋនិងកម្មករ កម្មការីនី បានប្រមាណ១០ម៉ឺនគ្រួសារហើយ តែក៏នៅតែមានការស្រែករកជំនួយទៀត ដែលការងារមនុស្សនេះ យើងត្រូវតែធ្វើបន្តនិងឱ្យចំគោលដៅ ចំអ្នកដែលខ្វះខាតជាងគេ៕

ដោយ៖ សំរិត


ចែករំលែក៖