ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាគ្រោះមហន្តរាយមួយដ៏ធំធេងសម្រាប់រាជធានីភ្នំពេញ។ ក្នុងនោះបើមិនមានការដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញទេនោះ ការចម្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លា ធ្ងន់ធ្ងរហើយ និងបន្តរាលដាលទៅបណ្តាខេត្តកាន់តែខ្លាំងផងដែរ។
ក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក នួន ផារ័ត្ន បានលើកឡើងថា ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ប្រៀបបានទៅនឹងមហន្តរាយសម្រាប់រាជធានីភ្នំពេញ។ប៉ុន្តែរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញមិនបាត់បង់ភាពម្ចាស់ការក្នុងការគ្រប់គ្រងជំងឺចម្លងមួយនេះឡើយ។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ មកទល់ម៉ោងនេះ ការដាក់ចេញនូវគោលនយោបាយក៏ដូចជាគោលការណ៍ដឹកនាំធំៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែជាគោលការណ៍ដាក់ចេញដោយត្រឹមត្រូវ និងទាន់សភាពការណ៍ ដែលបង្កើតបានជាក្របខ័ណ្ឌប្រតិបត្តិមួយសម្រាប់យើងខ្ញុំអនុវត្ត។ ជាក់ស្តែងវិធានការបិទខ្ទប់នេះឯង ដែលធ្វើឡើងទាន់សភាពការណ៍ ខ្ញុំឧទាហរណ៍ជាក់ស្តែង នៅពេលមុនចេញវិធានការបិទខ្ទប់ពេលដែលចាប់ផ្ទុះនៅរោងចក្រឌីនហាន កម្មការិនីម្នាក់ មិនទាន់ចេញលទ្ធផលវិជ្ជមានរបស់គាត់ បែរជាចេញទៅស្រុកកំណើតរបស់គាត់ នៅខេត្តតាកែវ ហើយពាំនាំមេរោគកូវីដ-១៩ ឆ្លងទៅក្រុមគ្រួសាររបស់គាត់នៅខេត្ត ។
លោកបន្ថែមថា បើយើងមិនចាត់វិធានការបិទខ្ទប់ក្នុងរយៈពេល២សប្តាហ៍នេះទេ តើអ្នកវិជ្ជមាននៅក្នុងក្រុងភ្នំពេញនេះ ដែលកំពុងប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយនេះ នឹងពាំនាំគ្រោះមហន្តរាយនេះ ទៅតាមបណ្តាខេត្តក្នុងទ្រង់ទ្រាយកម្រិតណា? មានន័យថា មិនមែនត្រឹមតែភ្នំពេញ និងក្រុងតាខ្មៅទេ ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ គឺបណ្តាខេត្តផ្សេងៗទៀតក៏អាចនឹងប្រឈមមុខជាមួយនឹងស្ថានភាពគ្រោះថ្នាក់ដែរ ។
សូមបញ្ជាក់ថា៖ ដើម្បីរាំងខ្ទប់ការរីករាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលពីរសប្តាហ៍រួចហើយ។ ដោយសារតែជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តនោះ រាជរដ្ឋាភិបាល បានបន្តវិធានការនេះមួយសប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ។ ការបិទខ្ទប់មួយសប្តាហ៍នេះ រាជរដ្ឋាភិបាលបានចែកចេញជា៣តំបន់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចមួយចំនួន។ តំបន់ទាំង៣នោះ រួមមាន៖ តំបន់ក្រហម (តំបន់ឆ្លងខ្លាំង) តំបន់លឿងទុំ (តំបន់ឆ្លងមធ្យម) និងតំបន់លឿង (តំបន់ឆ្លងស្រាល)។ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកតំបន់ក្រហមចំនួន ៩សង្កាត់, តំបន់លឿងទុំ ចំនួន ៤១សង្កាត់ និងតំបន់លឿងចំនួន ៦៥សង្កាត់។
លោក នួន ផារ័ត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមើលស្រាលស្ថានការណ៍នេះ ហើយបន្តអនុវត្តនឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល។ សម្រាប់តំបន់លឿង លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មនានា ត្រូវតែបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត។ បើមិនដូច្នោះទេអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់៕
ដោយ៖ សំរិត