ភ្នំពេញ៖ នៅរាត្រីថ្ងៃ១៥កើតពេញបូណ៌មី ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ មន្ដ្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលមានការចូលរួមពីពលរដ្ឋយ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សន្ដិភាព ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីភាពពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ហើយពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញជាលើកទី២ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
នេះក៏ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុកដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។
ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទរះពេញបូណ៌មី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។
សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទរះពេញវង់ ដើម្បីសម្តែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឱ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ តាមទំនៀមទម្លាប់ប្រពៃណី ពេលអកអំបុកគេរង់ចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្តិអកក្នុងភាពសប្បាយរីករាយ មុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចម្រុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្មនឹងសត្វទន្សាយជាព្រះពោធិសាត់។ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្តើមសន្យាថា៖នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទពេញបូណ៌មី នាថ្ងៃ១៥កើតខែកត្តិកដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។
យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា៖ នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាគដើម្បីបំពេញនូវពោធិសម្ភារឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕ .
ដោយ ៖ សំរិត