ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីយប់ថ្ងៃទី១៥ វិច្ឆិកាម្សិលមិញថា៖ ត្រីអាំងភ្ជាប់និស្ស័យជាមួយបងប្អូនចំណុះទូកចំប៉ាសួស្តីសម័យតេជោមកពីស្រុកពោធិ៍រៀង ខេត្តព្រៃវែង!
ជាក់ស្ដែងនៅក្នុងសំណេររបស់លោករដ្ឋមន្ត្រី បានឱ្យដឹងថា ព្រឹកមិញ, ពេលចុះទៅសាកសួរសុខទុក្ខបងប្អូនចំណុះទូកទាំង ២០ មកពីខេត្តក្រចេះ, ខ្ញុំបានចុះដើរតាមមាត់ទន្លេសាបនៅតំបន់ OCIC ជ្រោយចង្វារ បានជួបបងប្អូនចំណុះទូក ចំប៉ាសួស្តីសម័យតេជោ មកពីខេត្តព្រៃវែង, និងបានសាកសួរបងប្អូនថាបានអ្វីហូប បានត្រីប្រឡាក់យកពីស្រុកមកអាំងហូបបាយពេលព្រឹក។
លោករដ្ឋមន្ត្រី បន្តថា បងម្នាក់បានហុចត្រីអាំងមួយឱ្យខ្ញុំហូប។ មិនទាន់បានអាហារពេលព្រឹក ហើយឃ្លានផង ក៏ខ្ញុំទទួលមកសាក។ ពិតជាមានរស់ជាតិឆ្ងាញ់មែន! ទឹកចិត្តល្អរបស់បងប្អូន ខ្ញុំបានតបស្នងវិញដោយជូនថវិកាចូលរួមទូកងចំប៉ាសួស្តីសម័យតេជោចំនួន ១ ២០០ ០០០ រៀលដើម្បីពួកគាត់ទ្រទ្រង់ចំណុះទូក៕
ដោយ៖ តារា