ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះថា នៅថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ បរទេសអញ្ជើញចូលលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព សរុបប្រមាណជាង២លាន២សែននាក់កេីនឡេីងលេីសថ្ងៃទីមួយ ចំនួន២ដង ។
លោកស្រីបន្តថា៖ ដោយឡែកចំពោះសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយ សាធារណៈគឺមិនមានអ្វីគួរឱ្យកត់សម្គាល់ នោះទេ ស្ថានភាពល្អក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិនិងកងកម្លំាងគ្រប់ផ្នែកដែលពាក់ព័ន្ធ ប៉ុន្តែគ្រាន់តែមានករណីវង្វេងបាត់កូនចៅមួយចំនួនតូច តែត្រូវបានក្រុមការងារតាមគោលដៅប្រេីប្រាស់មធ្យោបាយទាក់ទង និងប្រព័ន្ធផ្សព្វផ្សាយស្វែងរកឪពុកម្តាយ ឃើញវិញ និងបានប្រគល់ជូនវិញរួចហើយដែរ។
គួររំលឹកថា កាលពីថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរនិងជនបរទេសប្រមាណ១លាន១ សែននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃ សន្តិភាព។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងនាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស. ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះ ខែ អកអំបុក ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូកជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនានិងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕
ដោយ ៖ សំរិត