ចិន ជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក កំពុងប្រឈមការធ្លាក់ចុះនៃចំនួនប្រជាជន មិនធ្លាប់មានពីមុនមក ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះគឺច្រើនជាងចំនួន ទារកដែលកើនមកទៅទៀត។
តាមគេហទំព័រ worldometers គិតត្រឹមវេលាម៉ោង ១រសៀលថ្ងៃទី ២៨ខែមេសា ចំនួនពលរដ្ឋចិន មាន 1.439.323.776 នាក់ ។ នៅក្នុងឆ្នាំ ២០១៩ ពលរដ្ឋចិនបានកើនឡើងជាង ១,៤ពាន់លាននាក់ ហើយពីពេលនោះមក ចិន មានចំនួនប្រជាជនកើនឡើងតែប៉ុន្មានលាននាក់ប៉ុណ្ណោះ។
ការស្រាវជ្រាវពីកំណើនប្រជាជនចិន បានបញ្ចប់ទៅនៅខែធ្នូឆ្នាំ២០២០ ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ។
កំណើនប្រជាជនចិនថយចុះ បើទោះបីរដ្ឋាភិបាលបានលុបច្បាប់ ឲ្យមានកូនតែមួយនោះ ។ កំណើនពលរដ្ឋនៅក្នុងប្រទសចិន គឺស្ថិតនៅក្នុងកម្រិត ដក ដោយសារតែ អ្នកស្លាប់ច្រើនជាង ទារកកើតមក។
ការថយចុះនៃចំនួនពលរដ្ឋចិន អាចនឹងបាត់បង់តំណែងប្រទេសមានពលរដ្ឋច្រើនបំផុតលើពិភពលោក ហើយឥណ្ឌា អាចនឹងនាំមុខចិនវិញ ក្នុងពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្នឥណ្ឌាមានពលរដ្ឋ1.391.123.637 នាក់ គឺតិចជាងចិន ប្រមាណជាង ៤៨ លាននាក់ប៉ុណ្ណោះ ហើយបើកំណើនពលរដ្ឋចិនធ្លាក់ចុះ ប៉ុន្មានឆ្នាំខាងមុខ ឥណ្ឌានឹងនាំមុខចិនជាមិនខាន។
កំណើនពលរដ្ឋចិនធ្លាក់ចុះដោយសារតែ បញ្ហាសេដ្ឋកិច្ចគ្រួសារ ពលរដ្ឋបានផ្តោតសំខាន់ទៅលើជីវភាព សេដ្ឋកិច្ចគ្រួសារ ដូចបណ្តាពលរដ្ឋនៅក្នុងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងតំបន់មានជប៉ុន កូរ៉េខាងត្បូងជាដើម៕ដោយ៖ ធីរីណា
រូបភាព៖ Reuters