ភ្នំពេញ៖ រហូតមកដល់ពេលនេះគឺរយៈពេលជាង២ខែមកហើយអ្នកចម្រៀង កង ឧស្សា ដែលធ្លាប់ត្រូវបានមនុស្សមួយក្រុមព្រួតវាយស្ទើបែកភ្នែក នោះមិនទាន់បានយុត្តិធម៌នៅឡើយទេ ។ ព្រោះតែការខកខានការចេញរកប្រាក់ដើម្បីចិញ្ចឹមក្រពះ ជាច្រើនខែហើយពេលនេះមកត្រូវពេលបរិបទជំងឺកូវីដ-១៩ទៀតនោះធ្វើឲ្យជីវភាពនាងកាន់តែពិបាក។
អ្នកចម្រៀង កង ឧស្សា ត្រូវបានជនមួយក្រុមមានប្រុសមានស្រីព្រួតគ្នាវាយរហូតបែកភ្នែកបែកមុខមាត់មើលទៅគួរឲ្យសង្វេកនៅអាហារដ្ឋានយីយោហេងហេងនៅទីរួមខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ។មូលហេតុនៅពីក្រោយហិង្សានេះក្រោយប្អូនស្រីនាង និងនារីម្នាក់ក្នុងក្រុមផ្សេងមានគ្នាពី៥ទៅ៦នាក់នោះធ្លាប់មានទំនាស់នឹងគ្នាទើបលេចចេញការដៀមដាមផ្លែផ្កាពីសំណាក់ក្រុមម្ខាងទៀតរហូតលេចចេញជាជម្លោះក្នុងហាងនោះនិងមានបុរស និងនារីដែលនៅភាគីម្ខាងទៀតបានស្ទុះមកវាយនាងរហូតដល់បែកមុខបែកមាត់ និងត្រូវត្រង់ភ្នែកជាដំណំ ហើយប្អូននាងក៏ត្រូវក្រុមម្ខាងទៀតវាយរហូតរបួសដៃផងដែរ។
នាង ពុទ្ធា ស្រីណុច ហៅ ឧស្សា បានបញ្ជាក់ថា ពេលនេះនាងនៅបន្ទប់ជួលជាមួយមិត្តភក្ដិនៅតំបន់សង្កាត់ទឹកថ្លា៣ ដោយស្នាក់នៅទីនេះនឹងតាមដានសុខភាពភ្នែកដែលមានបញ្ហា ។ នាងថា មិនអាចធ្វើការអ្វីបានព្រោះភ្នែកនៅមិនទាន់ប្រាកដថានឹងអាចវិលរកសភាពដូចដើមបាននៅឡើយ ខណៈយុត្តិធម៌សម្រាប់នាងហាក់នៅឆ្ងាយគ្មានដំណោះស្រាយ។ នាងបញ្ជាក់ដែរថា ទាំងមិត្តភក្ដិនៅបន្ទប់ជាមួយគ្នាក៏ខ្វះខាតគឺមានតែបាយ និងទឹកស៊ីអុីវពេលខ្លះបានមី និងពងទាអ្នកជិតខាងហូបស្ទើឈឺក្រពះហើយ។ នាងថាករណីនៃការហិង្សាមកលើនាងស្ងាត់ឈឹងក្រោយពីជួបសម្រុះសម្រួលម្តងប៉ុន្តែនាងមិនទទួលយក ហើយត្រូវបានបញ្ជូនឡើងតុលាការនោះ។ នាងថាកន្លងមកនាងផុសFacbook អំពីក្រុមបក្ខពួកដែលបានរួមគ្នាប្រើប្រាស់ហិង្សា ទាំងនោះ ហើយត្រូវបានភាគីម្ខាងទៀតប្តឹងនាងពីបទបរិហាកេរ្តិ៍ ហើយក៏ត្រូវបានតុលាការហៅនាងទៅបំភ្លឺកន្លងទៅផងដែរ ប៉ុន្តែករណីនាងបែរជាស្ងាត់ឈឹងទៅវិញ។ នាងថាពេលនេះក៏ដល់ពេលដែលនាងត្រូវទៅជួបពេទ្យតាមការណាត់ ប៉ុន្តែមិនអាចធ្វើដំណើរទៅបានខណៈដែលរង់ចាំពន្លឺយុត្តិធម៌សម្រាប់នាងមិនទាន់មានគឺនាងពិតជាអស់សង្ឃឹម។ សម្រាប់សប្បុរសជនដែលមានបំណងជួយដល់អ្នកចម្រៀងរូបនេះអាចទំនាក់ទំនងទៅកាន់លេខទូរទស័ព្ទនាងផ្ទាល់គឺលេខ 071 59 59 158៕
ដោយ៖ វឌ្ឍនា