ខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកការពារនិងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ក្នុងនោះសម្តេចបានផ្តល់ប្រាក់បៀវត្សប្រចាំខែ ផ្តល់ផ្ទះសម្បែង ដីស្រែចម្ការ។ លើសពីនេះទៅទៀត សម្តេចបានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងជួយដល់គ្រួសារបងប្អូនអតីតយុទ្ធជនបានទាន់ពេលវេលា នៅពេលដែលមានហេតុការណ៍កើតឡើងភ្លាមៗ ដូចជាទទួលមរណភាពជាដើម។
ជាក់ស្ដែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុជាតិ ស្នងការរងនគរបាលខេត្តនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋានគរបាលស្រុករមាសហែក តំណាងលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជន ស. អ. ក. ខេត្តស្វាយរៀងនិងក្រុមការងារបានចុះសុខទុក្ខ និងនាំយកបេឡាមរណ:សង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនពីរគ្រួសារនៅស្រុករមាសហែកដែលបានទទួលមរណភាពកាលពីពេលថ្មីកន្លងមកនេះ។
ក្នុងឱកាសនោះលោកប្រាក់ សុជាតិ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក កឹង ឃន ស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជន ស. អ. ក. ខេត្តស្វាយរៀងដល់បងប្អូនគ្រួសារសពអតីតយុទ្ធជនទាំង២គ្រួសារ។
លោកក៏បានធ្វើការណែនាំដល់មន្ត្រីតាមបណ្ដាឃុំក្នុងស្រុករមាសហែក ត្រូវយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជនជាប្រចាំ ងាយស្រួលអាចជួយពួកគាត់បានទាន់ពេលវេលានៅ ពេលដែលពួកគាត់ជួបនូវហេតុការណ៍ចាំបាច់នានាផងដែរ។
បន្ទាប់មកក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់មន្ត្រីរាជការ ក៏ដូចជាក្រុមគ្រួសារសមាជិកអតីតយុទ្ធជនទទួលមរណភាព។ សូមគោរពជូនពរសម្តេចទាំងទ្វេបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគាំទ្រសម្តេចតេជោ បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ។
បន្ទាប់មកលោកស្នងការរងនគរបាលខេត្តស្វាយរៀង បានឧបត្ថមថវិកាផ្ទាល់ខ្លួនមួយចំនួនជូនលោកមេឃុំ លោកមេភូមិនឹងលោកអនុភូមិយ៉ាងស្និទ្ធស្នាលផងដែរ៕
ដោយ៖យឹម សុថាន