អន្តរជាតិ៖ ប្រទេសឥណ្ឌា បានប្រកាសថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសា ឆ្នាំ២០២១នេះថា នេះគឺជាថ្ងៃទី ៨ ហើយដែលប្រទេសរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់លើស ១៨លាននាក់។ ជាមួយគ្នានេះ អ្នកជំងឺស្លាប់ក្នុងមួយថ្ងៃជិត ៤ពាន់នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសានេះ។
មន្ត្រីសុខាភិបាលឥណ្ឌា បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសត្រូវបានរកឃេីញ សរុប ៣៧៩,២៥៧នាក់ទៀត (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ; ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លាប់ (ក៏ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតផងដែរ)។ ដោយឡែកចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ ២០៤,៨៣២នាក់, ជាង ១៥លាននាក់ជាសះស្បើយឡើងវិញ និងជាង ៣លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។
បន្ថែមពីនេះ អង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។
ចំណែកទាក់ទិននឹងបញ្ហានេះដែរ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ ទើបតែសម្រេចបាន ១៥០លានដូសប៉ុណ្ណោះ គិតចាប់តាំងពីចុងខែមករា ឆ្នាំ២០២១ ដែលយុទ្ធនាការចាក់ត្រូវបានចាប់ផ្តើម។
គួរបញ្ជាក់ថា ដោយឡែកប្រទេសធំៗដូចជា៖ សហរដ្ឋអាមេរិក រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបជាដើម សុទ្ធតែបាននិងកំពុងដឹកនាំជំនួយ ដើម្បីជួយសម្រាលវិបត្តិ COVID-19 ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះផងដែរ។ ប៉ុន្តែស្ថានការណ៍ជារួម ហាក់មិនទាន់មានសញ្ញាបង្ហាញថា អាចគ្រប់គ្រងបានឡើយ ជាពិសេសគឺការខ្វះខាតមន្ទីរពេទ្យ អុកស៊ីសែនសង្គ្រោះជីវិត និងគ្រឿងបរិក្ខាពេទ្យចាំបាច់ជាច្រើនទៀត៕ដោយ៖ស តារា
រូបភាព៖Reuters