ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅស្រុកមោងឬស្សីនិងស្រុកបវេល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានប្រទះឃេីញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងគល់ដើមត្នោតក្នុងចម្ការឆ្ងាយពីភូមិមួយកន្លែងរួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដេីម្បីផ្តល់ដំណឹងជូនអង្គភាពស៉ីម៉ាក់យកទៅកម្ទេចចោល ។
លោកមេភូមិរលួស ឃុំមោង ស្រុកមោងឫស្សីបានឲ្យដឹងថា នៅវេលាម៉ោងវេលាម៉ោង០៩ព្រឹកថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ លោកបានដើរទៅចម្ការក្រោយភូមិជាង១០០ម៉ែត្រ ស្រាប់តែបានប្រទះឃេីញក្បាលគ្រាប់មិនស្គាល់ម៉ាកចំនួន ០១គ្រាប់មិនទាន់ផ្ទុះ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីស្រះបន្លា និងរាយការណ៍បន្តទៅអង្គភាពស៉ីម៉ាក់យកទៅកម្ទេចចោល ។
ប្រភពដដែលបានឲ្យដឹងទៀតថានៅថ្ងៃដដែល វេលាម៉ោង១០ ព្រឹកនោះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានទទួលគ្រាប់មិនទាន់ផ្ទុះ ចំនួន ០៤គ្រាប់ ពីមេភូមិខ្នាចរមាសឈ្មោះ សេក ស៊ីផាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយគាត់បានកាយដីស្រែប្រទះឃើញ។ ក្នុងនោះរួមមាន គ្រាប់៦០មិល្លីម៉ែត្រ ចំនួន០២គ្រាប់ គ្រាប់បែកដៃ ចំនួន០២គ្រាប់ និងកាំភ្លើងអាកាបត់ខូចគុណភាព ចំនួន០១ដើម ផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំខ្នាចរមាស ដើម្បីរាយការណ៍ដល់អង្គការស៊ីម៉ាក់មកទទួលយកទៅកម្ទេចចោល៕
ដោយ៖ ប្រាថ្នា