ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដទទួលអំណោយជាអង្ករ១៦តោនពីសប្បុរសជនដើម្បីជួយពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អង្ករចំនួន១៦តោនដែលជាអំណោយរបស់សប្បុរសជនក្នុងស្រុក ប៊ីអិនអាយកម្ពុជា BNICambodia ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដផ្ដល់ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។ 

    ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៩មេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

   លោក ឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ដែលបានឧបត្ថម្ភ អង្ករចំនួន ១៦តោននេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ។      

  តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕

ដោយ៖ សំរិត


ចែករំលែក៖