ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ដែលរស់នៅស្រុកកងមាស, ស្រុកស្រីសន្ធរ និងស្រុកចំការលើ។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនោះរួមមាន៖
-ទី១៖ ឈ្មោះ កុយ ស្រីកែវ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
-ទី២៖ ឈ្មោះ ហួរ មួយឈ័រ អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
-ទី៣៖ ឈ្មោះ សម្បត្តិ វ៉ាន់ឌី អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការិនីរោងចក្រ 7NG។
-ទី៤៖ ឈ្មោះ រ៉េន ស៉ីនាត អាយុ២៧ឆ្នាំ រស់នៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ជាកម្មការិនីរោងចក្រនៅស្រុកមុខកំពូល។
-ទី៥៖ ឈ្មោះ បួន ប៊ុណ្ណាក់ អាយុ៣៤ឆ្នាំ រស់នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស។
-ទី៦៖ ឈ្មោះ យិន ឡៃ អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកនេះដែរ បានសម្រេចបិទខ្ទប់ភូមិចុង និងភូមិសង្កើប ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់។
គួរបញ្ជាក់ថា នៅព្រឹកមិញថ្ងៃទី៣០ ខែមេសានេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់។
រហូតមកដល់ពេលនេះ មន្ទីពេទ្យមេគង្គកំពង់ចាម ជួសជុលបាន៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ ចំណែកមន្ត្រីរដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណ ២០០នាក់៕ដោយ៖សហការី