ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងជើងចាស់ លោកស្រីអុឹម ផល្លា មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ៖ តារាសម្តែង ជើងចាស់ លោកស្រី អុឹម ផល្លា ដែលអ្នកសិល្បៈហៅថា “ម៉ែផល្លា” នោះ ពេលនេះកាត់មានវិជ្ជមានជំងឺកូវីដ-១៩។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីអ្នកសិល្បៈជាច្រើនបានបញ្ចេញដំណឹងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។  

  តាមការបញ្ជាក់ប្រាប់តាមទូរស័ព្ទ លោកស្រី អុឹម ផល្លា បានបញ្ជាក់ថា លោកស្រីពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ដែលដំណឹងនេះត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យដែលបានធ្វើតេស្តសំណាកលោកស្រីកាលពីយប់ថ្ងៃទី២៩ ខែមេសានេះ។ ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោកស្រីហាក់មិនមានអ្វីធ្ងន់ធ្ងរនៅឡើយ គឺមានអាការស្ងួតក និងមានសភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយ។ លោកស្រីថា លោកស្រីស្នាក់នៅបន្ទប់ជួលជាមួយកូនស្រីពៅម្នាក់ ហើយពេលនេះកូនស្រីរបស់លោកស្រីក៏មានអាការដូចគ្នានេះដែរ ហើយកំពុងត្រៀមទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកស្រីនៅមិនទាន់ប្រាកដក្នុងចិត្តទេថា តើការឆ្លងនេះមកពីប្រភពណាឡើយ ប៉ុន្តែតំបន់បន្ទប់ជួលដែលលោកស្រីស្នាក់នៅគឺនៅជិតតំបន់ផ្សារដើមគ ខណៈដែលអ្នកនៅជិតបន្ទប់ក៏មានវិជ្ជមានជំងឺនេះនឹងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចហើយដែរ។ លោកស្រីឱ្យដឹងទៀតថា លោកស្រីនៅរង់ចាំលទ្ធផលនៃការធ្វើតេស្តសំណាករបស់កូនស្រី ហើយប្រសិនបើមានវិជ្ជមានជំងឺកូវីដ-១៩ ពួកគាត់នឹងទៅសម្រាកព្យាបាលរួមគ្នាតែម្តង។  លោកស្រីនៅមិនទាន់ដឹងទេថាតើគ្រូពេទ្យនឹងបញ្ជូនទៅសម្រាកព្យាបាលនៅទីតាំងណាឡើយខណៈ ដែលពេលនេះលោកស្រីបានត្រៀមសម្លៀកបំពាក់ និងសម្ភារចាំបាច់រួចរាល់ហើយគឺរង់ចាំរថយន្តពេទ្យមកទទួលនៅព្រលប់ថ្ងៃនេះតែម្តង។ សម្រាប់សប្បុរសជន ឬសិល្បករដែលមានបំណងជួបសួរសុខទុក្ខក៏អាចភ្ជាប់ទំនាក់ទំនងទៅកាន់លោកស្រីអុឹម ផល្លា ផ្ទាល់តាមរយៈទូរស័ព្ទលេខ 0967772990៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖