កីឡាករខ្សែការពារ និងជាប្រធានក្រុម Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅមុនការប្រកួតនៃ La Liga ជាមួយក្រុម Osasuna នៅថ្ងៃសៅរ៍នៅឯ Estadio Alfredo Di Stefano ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីម្សិលមិញ ។
ខ្សែការពារ Ramos មានគោលបំណងរបស់គាត់ក្នុងការចាប់ផ្តើមប្រកួតជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃពុធសប្តាហ៍ក្រោយនៅក្នុងការប្រកួតជើងទី២ នៃពានរង្វាន់ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយគាត់អាចត្រូវបានគេផ្តល់ពេលវេលាមួយចំនួនពេលប្រកួតជាមួយក្រុម Osasuna ។ ខណៈដែល Dani Carvajal និង Lucas Vazquez ត្រូវបានអវត្តមានពេញមួយរដូវកាលគឺរឹតតែបន្ទាន់សម្រាប់ក្រុមរបស់លោក Zinedine Zidane ។
ចំណែកកីឡាករ Ferland Mendy និង Fede Valverde មិនបានហ្វឹកហាត់មុនការប្រកួតនៅថ្ងៃសៅរ៍នេះទេ ប៉ុន្តែលោក Zidane រំពឹងថានឹងមានពួកគេសម្រាប់ការធ្វើដំណើរទៅជួបក្រុមតោខៀវសម្រាប់ជើងទី២ខាងមុនេះ។
ដោយឡែកកីឡាករ៣រូបគឺ Antonio Blanco, Sergio Arribas និង Miguel Gutierrez ជាថ្មីម្តងទៀតបានហ្វឹកហាត់ជាមួយក្រុមជំរើសដំបូងដូចគ្នាជាមួយនឹង Ferran Ruiz ដែលមានអាយុក្រោម១៩ឆ្នាំដែរ។
នៅពេលដែលលោក Zidane កំពុងសំលឹងមើលកីឡាករក្នុងរយៈពេលសំរាកមួយនៃការចាប់ផ្តើមរបស់លោកមុនពេលធ្វើដំណើរទៅទីក្រុងឡុង លោកអាចនឹងចាប់ផ្តើមជ្រើសរើសកីឡាករបម្រុងពេលប៉ះជាមួយក្រុម Osasuna ផងដែរ ៕
ដោយ ៖ ភារៈ