ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយពីសប្បុរសជន ជាអង្ករនិងទឹកបរិសុទ្ធដើម្បីចូលរួមឧបត្ថម្ភជីវភាពជូនពលរដ្ឋរងគ្រោះ ដោយមេរោគកូវីដ-១៩ នៅតំបន់ក្រហម

ចែករំលែក៖

ភ្នំពេញ៖  អង្ករ២០តោននិងទឹកបរិសុទ្ធ ចំនួន៣០០កេសត្រូវបានក្រុមហ៊ុនឆ្នោតមហាសំណាង ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ ។

   ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។

   លោកកើត ឆែ អភិបាលរងរាជធានី បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ អង្ករចំនួន២០តោននិងទឹកបរិសុទ្ធចំនួន៣០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ (Covid-19)។ 

  តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ 

  ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕

ដោយ ៖ សំរិត


ចែករំលែក៖