ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានឃាត់ចាប់រថយន្តធុនធំ១គ្រឿង ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១៥៥ ហើយពេលឆែកឆេរទៅក៏រកឃើញការុងច្រកអាចម៍រណារបង្កប់ឈើអារនៅខាងក្រោមយ៉ាងច្រើន ។
ហេតុការណ៍សមត្ថកិច្ចចម្រុះបង្រ្កាបករណីដឹកជញ្ជូនឈើខាងលើ ធ្វើឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីសហការដែលបានចុះផ្ទាល់បានឱ្យដឹងថា រថយន្ត១គ្រឿងដែលត្រូវបានបង្រ្កាបនោះម៉ាកហុីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9613 មានផ្ទុកការុងពណ៌ត្រួយចេកច្រកអាចម៍រណារបង្កប់ឈើអារប្រភេទលេខ២នៅខាងក្រោម ។
ប្រភពដដែលបន្តទៀតថា ភ្លាមនោះវត្ថុតាងរថយន្ត និងឈើអារទាំងអស់សមត្ថកិច្ចបាននាំយកទៅរក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដើម្បីចាត់ចែងធ្វើការវាស់វែងតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ ៕
ដោយ៖ បុឹម ពិន