ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា​កាន់តែ​ធ្ងន់ធ្ងរ​៖​ ខណៈរដ្ឋជាច្រើនកំពុងឆ្លង​កូវីដ-១៩ រាលដាលកាន់តែអាក្រក់ នឹង​អស់វ៉ាក់សាំងពីក្នុងស្តុកថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ឥណ្ឌាត្រូវពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យដល់មនុស្សពេញវ័យទាំងអស់ ប៉ុន្តែរដ្ឋជាច្រើនបានអស់វ៉ាក់សាំងពីក្នុងស្តុកទៅហើយ ខណៈមន្ទីរពេទ្យនីមួយៗកំពុងតែរងសម្ពាធយ៉ាងខ្លាំង ក្រោមកំណើនដ៏មុតស្រួចបំផុតនៃករណីឆ្លងជំងឺនេះ។

ជាក់ស្ដែង​រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា មិនដល់០២ខែមុនឡើយ ក៏បានប្រកាសនៅថ្ងៃសៅរ៍នេះថា ឥណ្ឌាស្ថិតនៅដំណាក់កាលចុងក្រោយ នៃវិបត្តិ COVID-19 ស្របពេលដែលឥណ្ឌា បាននាំចេញវ៉ាក់សាំងរាប់លានដូស ទៅកាន់ប្រទេសដទៃទៀតជាច្រើន។ ក៏ប៉ុន្តែឥឡូវអ្វីៗបានផ្ទុយស្រឡះទាំងស្រុង ដោយប្រទេសដែលមានប្រជាជនច្រើនបំផុតទីពីរលើលោកមួយនេះ បានក្លាយជាកន្លែងឆ្លងរាលដាលយ៉ាងក្តៅគគុកបំផុត ជាងប្រទេសណាទាំងអស់។

សូមជម្រាបថា​ ការនាំចេញវ៉ាក់សាំង AstraZeneca និង Covaxin ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីផ្តល់អាទិភាពផ្គត់ផ្គង់ក្នុងស្រុក។ មកទល់ពេលនេះ មានតែបុគ្គលិកបម្រើការជួរមុខ អ្នកមានអាយុចាប់ពី៤៥ឆ្នាំឡើង និងអ្នកមានជំងឺប្រចាំកាយប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំង។ ទោះជាបែបនេះក៏ដោយ នៅតាមរដ្ឋជាច្រើនរបស់ឥណ្ឌា បានអស់វ៉ាក់សាំងពីក្នុងស្តុកទៅហើយ។

ដោយឡែក​បើតាមការគ្រោងទុក យុទ្ធនាការចាកវ៉ាក់សាំងរបស់ឥណ្ឌា ត្រូវពង្រីកបន្ថែមទៅដល់សម្រាប់ប្រជាជនឥណ្ឌាគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គឺស្មើនឹង៦០០លាននាក់ នៅថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា​ គិតត្រឹមឥឡូវ វ៉ាក់សាំងប្រហែល១៥០លានដូស ត្រូវបានចាក់នៅក្នុងប្រទេសឥណ្ឌា ដែលស្មើនឹង១១.៥ភាគរយ នៃចំនួនប្រជាជនសរុបរបស់ឥណ្ឌា ១.៣ពាន់លាននាក់ ក្នុងនោះ ២៥លាននាក់ប៉ុណ្ណោះ ដែលចាក់បានគ្រប់០២ដូស៕

ដោយ​៖ស​ តារា​ (រូបភាព​៖Reuters)


ចែករំលែក៖