ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់​ ខណៈប្រពន្ធនិងកូនរងរបួសធ្ងន់​ ក្រោយពេលរថយន្តដឹកដីបេីកបុកនិងកិននៅផ្លូវ៦០ម៉ែត្រ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈនគរបាលផ្នែកអន្តរាគមន៍​ នៃអធិការដ្ឋានខណ្ឌដង្កោម្នាក់​បានស្លាប់ ព្រមទាំងប្រពន្ធនិងកូនរងរបួសធ្ងន់​ បន្ទាប់ពីត្រូវរថយន្តអាបែនដឹកដីធុនធំបុកនិងកិន​កាលពីវេលាម៉ោង៨​ និង១០នាទីយប់​ ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២១​ ត្រង់ចំណុចមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

​ សពជនរងគ្រោះឈ្មោះ​ ម៉ៅ ចាន់ឌូ អាយុ២៩ឆ្នាំជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌដង្កោនិងមានលំនៅដ្ឋានក្នុងខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌដង្កោ​ ដែលស្និតស្នាលនិងជនរងគ្រោះ បានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះ​ ម៉ៅ​ ចាន់ឌូ​ បានជិះម៉ូតូឌុបប្រពន្ធនិងកូនតូចត្រឡប់មកពីមន្ទីរពេទ្យដោយសារតែកូនមានអាការៈមិនស្រួលខ្លួន។លុះពេលត្រឡប់មកពីមន្ទីរវិញបានឌុបប្រពន្ធនិងកូនតូចត្រឡប់ទៅផ្ទះនៅឯខណ្ឌដង្កោដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីក្បាលថ្នល់ឆ្ពោះទៅត្បូង។

​ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកដីដែលធ្វើដំណើរស្របទិសគ្នាបានបត់ចូលការដ្ឋានសំណង់បានកៀម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលហើយរថយន្តបានកិនពីលើធ្វើឲ្យជនរងគ្រោះបែកក្បាលស្លាប់។ចំណែកប្រពន្ធបាក់ជើងដោយឡែកកូនតូចរងរបួសមធ្យម។

​ ក្រោយកេីតហេតុ​ រថយន្តបង្កបានព្យាយាមបើកចូលទៅការដ្ឋានតែត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ​ និងនគរបាលខណ្ឌដង្កោ​ ដេញតាមឃាត់បានទាំងរថយន្តបង្កនិងតៃកុង​ ប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅដោះស្រាយតាមនីតិវិធីច្បាប់​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ​ រួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖