ខេត្តព្រះវិហារ ៖ ហេតុអីក៏មន្ត្រីរដ្ឋបាលមុខងារសាធារណៈ មានតួនាទី បុណ្យស័ក្តិ មួយចំនួនតូចចិញ្ចឹមចិត្ត ជាមនុស្សអប្រិយ លេងស្គាល់ច្បាប់ បាញ់បោះសេរី បាញ់គោអ្នកស្រុក តាមការនឹកឃើញបែបចរិកមិនថ្លៃទៅវិញ !។
នៅឯខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកសាមគ្គីមានជ័យ បានបាញ់សម្លាប់គោ អ្នកស្រុកក្នុងបរិវេណសាលាស្រុករបស់ខ្លួនធ្វើការ, មុនដំបូងបដិសេធថាមិនបានបាញ់ទេ ក្រោយមានការស៊ើបអង្កេតពីនគរបាលខេត្ត ទើបសារភាពថាខ្លួនបានយកកាំភ្លើងអាកាបត់បាញ់ស្តាកាណុង ក៏ផ្លាតត្រូវគោនោះ ។ ដំណឹងចុងក្រោយឮថាបង់លុយ ៤លានរៀលបញ្ចប់រឿង។
តើឯណាទៅភាពថ្លៃថ្នូរក្នុងនាមជាអាជ្ញាធរដឹកនាំមូលដ្ឋាន?
ដោយឡែកនៅខេត្តព្រះវិហារវិញ, កាលម្សិលមិញគោអ្នកស្រុក ចំនួនពីរក្បាល ក្នុងចំណោមជាច្រេីនក្បាលដែលចិញ្ចឹមយកផលប្រយោជន៍ បានដួលប្រកាច់ងាប់នៅចំណុចដីស្រែមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារ ហេីយត្រូវបានម្ចាស់គោអះអាងថា មន្ត្រីនគរបាលរូបនេះបានប្រេីកាំភ្លេីងបាញ់សម្លាប់គោរបស់គាត់ ។
មិនយូរប៉ុន្មាន ដំណឹងគ្រប់គ្រងកំហឹងខ្លួនឯងមិនបានទាញដៃកេះកៃកាំភ្លេីងបាញ់ សម្លាប់គោបានក្លាយជារឿងពិត គឺកេីត ហេតុនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតមានការសម្របសម្រួលគ្នា ម្ចាស់គោទារលុយ៥លានរៀល តែមន្ត្រីនគរបាលនោះឲ្យត្រឹម៤.៥លានរៀល តែម្ចាស់គោមិនព្រម ។ ចុងបញ្ចប់មន្ត្រីរូបនោះបានយកលុយ៥លានរៀលទៅឲ្យម្ចាស់គោ តែម្ចាស់គោដូរចិត្តមិនព្រមទទួលយកលុយឡេីយ ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា, ជនរងគ្រោះជាម្ចាស់គោ ឈ្មោះ ផេង ផល អាយុ៣៣ឆ្នាំ និងមានប្រពន្ធឈ្មោះ រឹម សៀក អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ដោយឡែកមន្ត្រីនគរបាល ដែលលើកកាំភ្លើងបាញ់គោអ្នកស្រុក ឈ្មោះ អៀ គាវាសនា ហៅពែក ឋានន្តរស័ក្ដិអនុសេនីយ៍ទោ មានតួនាទីនាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប។
ជាទម្លាប់យូរលង់មកហេីយ គោរបស់អ្នកស្រុកក្នុងរដូវនេះ គឺលែងទាំងអស់គ្នា លុះពេលល្ងាចបានម្ចាស់គោស្វែងរកចាប់គោរៀងៗ ខ្លួនមកចងនៅឯផ្ទះ។ ដោយឡែកចំពោះគោ២ក្បាល ដែលមន្ត្រីប៉ូលិសស្រុកឆែបបាញ់នេះ គឺដើរក្នុងហ្វូងគោជាច្រើនក្បាលទៀត នៅក្នុងស្រែរបស់មន្ត្រីនគរបាល ដែលទើបនឹងសាបព្រួស ដែលជាហេតុធ្វើឲ្យមន្ត្រីនោះ ខឹងក៏លើកកាំភ្លើងបាញ់តែម្តង។
ទាក់ទងនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញសេចក្ដីសម្រេចផ្អាកការងារមន្ដ្រីនគរបាលរូបនេះ ជាបណ្ដោះអាសន្ន ដោយត្រូវឲ្យទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្ដីសម្រេចថ្មី៕
ដោយ ៖ វណ្ណៈ