ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះសម្រេចប្រេីធម៌ក្ដៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខណៈដែលស្រ្តីម្នាក់ មិនព្រមទៅធ្វើចត្តាឡីស័កជាមួយនឹងកូនតូចម្នាក់តាមសម្រួល បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញរកឃើញប្តីរបស់គាត់មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។
បើតាមមន្រ្តីអាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កខាងលើនោះមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ ដែលត្រូវរកឃើញថា មានវិជ្ជមានកូវីដ-១៩ និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ហើយពួកគេទាំង៣នាក់ មានលំនៅក្នុងបូរីហ្គូដឡាក់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្រ្តីដដែលបន្តថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសាកន្លងទៅថ្មីៗនេះ មានករណីជម្លោះមួយបានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះលាង យុភីន ខណៈដែលក្រុមគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យ ហើយក៏រកឃើញវិជ្ជមានកូវីដ-១៩នោះ ។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានចុះមកយកប្រពន្ធ ដែលប្តីឆ្លងកូវីដ-១៩នេះ ដេីម្បីទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ប៉ុន្តែបែរជាស្ត្រីរូបនោះ បានឈ្លោះប្រកែកជាមួយនឹងសមត្ថកិច្ច ព្រមទាំងគ្រូពេទ្យដែលធ្វើការយកសំណាក ដើម្បីរកមេរោគកូវីដ-១៩ ដោយប្រកែកយ៉ាងខ្លាំងមិនព្រមទៅ។
ភ្លាមនោះដោយឃើញសភាពការមិនស្រួល លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចកងកម្លាំងពាក់ព័ន្ធបានប្រេីលេងធម៌ក្តៅ ទើបស្ត្រីរូបនោះព្រមទៅធ្វេីចត្តាឡីស័កតាមសម្រួល។
បន្ថែមពីនេះ អាជ្ញាធរ បានបញ្ជាក់ទៀតថា សមត្ថកិច្ចមានបំណងហៅស្ត្រីរូបនេះឲ្យទៅផ្តល់សំណាករកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក ព្រោះថាប្តីរបស់គាត់មានវិជ្ជមានកូវីដ១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលហើយ។ ចំណែកថ្ងៃនេះ អាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះមកយកស្ត្រីជាភរិយានិងកូន ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺដោយផ្ទាល់ ដេីម្បទៅយកសំណាករកកូវីដ១៩បន្តទៀត ដោយសមត្ថកិច្ចបានពន្យល់ហេតុផលយ៉ាងណាក៏មិនព្រមទៅ រហូតទល់តែលោកអភិបាលក្រុង ណែនាំអស់ជាច្រេីនម៉ោងទើបស្ត្រីនោះយល់ព្រមឡើងឡានទៅពិនិត្យសុខភាព ផ្តល់សំណាក និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕
ដោយ៖សហការី