ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ឆារស៏ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយកអំណោយមានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន គោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។ ព្រោះក្នុងដំណាក់កាលនេះ ប្រទេសកម្ពុជាកំពុងឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់

ឆ្លៀតក្នុងឱកាសនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌ ទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគនៅពេលនេះ។ សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖