អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ថ្ងៃនេះអាជ្ញាធរមូលដ្ឋាន បានរាយការណ៍អំពីអ្នកជំងឺ COVID-19 ចំនួន ៣១នាក់ បានបាត់បង់ជីវិត និងមនុស្ស ២,០៤១នាក់បន្ថែមទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។
ក្រសួងសុខាភិបាលថៃ បន្តថា ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧១,០២៥ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ២៧៦នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ។
ចំណែកអ្នកជំងឺជិត ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ដែលកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ទៅលើវិស័យសុខាភិបាលទូទាំងប្រទេស។
គួរជម្រាបថា ចំពោះការផ្ទុះរលកថ្មីនៃជំងឺ COVID-19 មួយរយៈចុងក្រោយនេះនៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងថ្មីៗចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ គិតត្រឹមតែនៅក្នុងខែមេសានេះ ប៉ុណ្ណោះ៕
ដោយ៖ស តារា
រូបភាព៖ឯកសារ កាសែតបាងកកប៉ុស្តិ៍