ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល សម្រេចបញ្ចប់ ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយអនុញ្ញាត ឱ្យចេញចូលបាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្តរាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ។

រាជរដ្ឋាភិបាល សម្រេច:
ប្រការ១ ..បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេច ដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

ប្រការ២ ..ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្ត្ររាជធានីភ្នំពេញ ឬក្រុងតាខ្មៅនៃខេត្ត កណ្ដាល ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ឬគណៈអភិបាល ខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យ លេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមានផ្សេងទៀត។

ប្រការ៣ ..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤ ..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖