ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តពោធិ៍សាត់ បន្តរឹតបន្តឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា : ដោយសារស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ -២០កុម្ភៈឆ្នាំ២០២១- និងដើម្បីទប់ស្កាត់ បង្ការ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត ចាត់តាំងអនុវត្តវិធានការ ដូចខាងក្រោម៖

១.ធ្វើការរឹតបន្តឹងការធ្វើចរាចរ ចន្លោះម៉ោង ២០ និង០០នាទី រហូតដល់ម៉ោង៥ និង០០នាទីព្រឹក ក្នុងភូមិសាស្ត្រ ភូមិឃុំ-សង្កាត់ និងក្រុង-ស្រុកទូទាំងខេត្ត សំដៅរកឱ្យឃើញករណីលបលួចធ្វើដំណើរ ករណីលួចឆ្លងដែន និងការលប លួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្រដែលត្រូវបិទខ្ទប់ មកកាន់ខេត្តពោធិ៍សាត់។

២.អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើការត្រួតពិនិត្យសុខភាព ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រលប់មកពីរាជធានី-ខេត្តដែលបិទខ្ទប់ នៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដើម្បីពិនិត្យវាយតម្លៃ តាមបច្ចេកទេសសុខាភិបាលជាកំហិត និងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដែលបានកំណត់។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត មេត្តាចូលរួមអនុវត្តនូវ វិធានការ ៣ការពារនិង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។ ទទួលបានសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ និង មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តទាំងអស់គ្នា ប្រកបដោយស្នារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖