ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារអូរឬស្សីម្នាក់​ ត្រូវ​បញ្ជូន​ទៅតុលាការ បន្ទាប់ពី​ល្មើស​វិធានការសុខាភិបាល​ លួច​ធ្វើដំណើរទៅស្រុកកំណើតឯខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​បញ្ចប់ការព្យាបាលកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់រយៈពេល ១៤ថ្ងៃ​។ ប៉ុន្តែ​បុគ្គលរូបនេះ បានបំពានវិធានការរបស់ក្រសួងសុខាភិបាល ពោលបានធ្វើតេស្តរកកូវីដ១៩រួច បែរជាមិនព្រមធ្វើចត្តាឡីស័ក ហើយថែមទាំងធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តតាកែវ។

បេីតាមការ​បញ្ជាក់ពី​អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែង​ថា បុគ្គលរូបនេះមានឈ្មោះ ពេជ កុសល បានគេចវេសមិនធ្វើចត្តាឡីស័ក កាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យរូបនេះ​ បានបន្តថា៖ «នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ កុសល អាយុ២៩ឆ្នាំ មុខរបរអាជីវករនៅផ្សាអូឬស្សី ទៅតុលាការ ក្រោយជនសង្ស័យត្រូវបាន កម្លាំង សមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំម្ងឺកូវីដ១៩ឃាត់សួរនាំរួចរាល់»។

គួររម្លឹកដែរថា​ បេីយោង​តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជិះម៉ូតូទៅជួបមិត្តភក្តិដែលស្នាក់នៅផ្សារអូរឫស្សី ហើយក៏បានឈប់ម៉ូតូបើករបាំង មួកសុវត្ថិភាពនិយាយគ្នា។​ បន្ទាប់មកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថា មិត្តភក្តិដែលបាននិយាយគ្នាកាលពីថ្ងៃទី២១ មានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ ក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ដោយទទួលលទ្ធផលអវិជ្ជមាន រួចសាមីខ្លួនបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

របាយការណ៍ដដែល​ បន្តថា​ បន្ទាប់មកឈ្មោះ ពេជ កុសល បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ជាលើកទី២ ដោយទទួលបានលទ្ធផលអវិជ្ជមាន ហើយខ្លួនក៏បន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយក៏បានទៅផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ជាលើកទី៣ រួចបន្តធ្វើចត្តាឡីស័កនៅផ្ទះដើម្បីរង់ចាំលទ្ធផល។​ លុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទី មុនពេលចេញលទ្ធផលវិភាគរកមេរោគកូវីដ១៩ ឈ្មោះ ពេជ កុសល បានជិះម៉ូតូរបស់ខ្លួនឌុបប្រពន្ធចេញពីផ្ទះដែលជាទីតាំងដាក់ចត្តាឡីស័ក ទៅផ្ទះម្តាយដែលស្ថិតនៅភូមិព្រៃភ្នំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសុខាភិបាលបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលវិជ្ជមានជំងឺកូវី
ដ១៩ ប៉ុន្តែសាមីខ្លួនបានទៅដល់ផ្ទះម្តាយ ដែលស្ថិតនៅខេត្តតាកែវទៅហើយ។​ ក្រោយមានលទ្ធផលវិជ្ជមាន ក្រុមគ្រូពេទ្យ បានសហការគ្នាទៅយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ជាសះស្បើយ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការតែម្តង៕ដោយ៖សហការី​


ចែករំលែក៖