ខេត្តឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតកើតឡើងដោយរថយន្តធុនយក្សថៃមួយគ្រឿងដឹកទំនិញ បានបើកបរចុះពីលើកំពូលភ្នំដងរែក ស្រាប់តែដាច់ហ្រ្វ័ងក្រឡាប់ជាច្រើនត្រឡប់ ប៉ុន្តែសំណាងល្អ ទាំងអ្នកបើកបរ និងអ្នករួមដំណើរមិនស្លាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចចង្កេះភ្នំដងរែក តាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ហ៊ើន សំបោន មន្រ្តីកងរាជអាវុធហត្ថស្រុកអន្លង់វែងទទួលផ្នែកព្រហ្មប្រទណ្ឌ បានឱ្យដឹងថា រថយន្តធុនយក្សថៃមួយគ្រឿងនេះម៉ាក HINO សណ្តោងកន្ទុយ ពណ៌ស ពាក់ស្លាកលេខ ៧០-៩៥ ៧៣ដឹកទំនិញជាប្រភេទជី ដាក់ពេញរថយន្ត ចូលតាមច្រកទ្វារអន្តរជាតិជាំ ឆ្ពោះមកប្រទេសកម្ពុជា ។ លុះពេលធ្វើដំណើរមកដល់ចង្កេះភ្នំដងរែក រថយន្តនេះក៏បានដាច់ហ្វ្រ័ងរួចទៅបុករនាំង បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់តែម្តង ប៉ុន្តែសំណាងល្អ អ្អ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់អ្នកបើកបរ មានឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិជោគជ័យ ស្រុកជោគជ័យ ខេត្តនគររាជសីមា។ ចំណែកអ្នករួមដំណើរជិះជាមួយវិញមានឈ្មោះ ឆាន លាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ហើយអ្នកទាំង២រងរបួសស្រាល។
អ្នកភូមិបាននិយាយថាកន្លែងនេះកាក់កបណាស់ដោយកន្លងមកមនុស្សប្រុសស្រី ចាស់ក្មេង ក៏ត្រូវបានបាត់បង់ជីវិតច្រើននាក់ផងដែរ៕
ដោយ៖ សហការី