ខេត្តសៀមរាប៖ ឆ្លៀតក្នុងឱកាសសម័យកូវីដ-១៩ កំពុងរាតត្បាតខេត្តសៀមរាប, មានឈ្មួញកាយយកអាចម៍ដីលក់អត់ច្បាប់យូរមកហើយ ទើបសមត្ថកិច្ចភ្ញាក់ខ្លួនសង្ស័យមន្ត្រីជំនាញបើកភ្លើងខៀវ ឈានដល់សមត្ថកិច្ចនគរបាលនិងខាងមន្ត្រីបរិស្ថានចុះហាមឃាត់ ករណីកាយអាចម៍ដីលក់គ្មានច្បាប់អនុញ្ញាត ពិន័យអន្តរការណ៍ ។
ករណីបង្ក្រាបទីតាំងកាយដីលក់ បើតាមលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា, ដោយទទួលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះអនុវត្តការងារល្មើសច្បាប់មួយចំនួននៅក្នុងខេត្តសៀមរាប។
ជាក់ស្ដែងនៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថ្មីៗ នេះកម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យសហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានខេត្ត កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងជីកបកយកអាចម៍ដីចំនួន០១ទីតាំងគ្មានអាជ្ញាប័ណ្ណចល័ត (កំពុងដំណើរការស្នើសុំច្បាប់)។ លោកបានបន្តឱ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួន៖ អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, រថយន្តដឹកដី ចំនួន០៣គ្រឿង,ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធសិនទើបអាចឱ្យដំណើរការអាជីវកម្មឡើងវិញ។ ប្រសិនបើនៅតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដដែល ហើយមិនធ្វើតាមទេនោះកម្លាំងជំនាញនឹងចុះមកបិទព្រមទាំងរៀបចំសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា, កន្លងទៅសមត្ថកិច្ចនិងជំនាញ បានចុះទៅបង្ក្រាបការជីកកាយអាចម៌ដីលក់នៅស្រុកពួក ខេត្តសៀមរាប ជាញឹកញាប់ ប៉ុន្តែពុំបានពិន័យអន្តរការណ៌ដូចបច្ចុប្បន្ននេះ ទើបធ្វើឲ្យឈ្មួញខ្លះមានករណីឃុបឃិតគ្នាជាមួយអាជ្ញាធរ នៅតែបន្តលួចធ្វើអាជីវកម្មដោយខុសច្បាប់ ។
សូមជម្រាបជូនថា, នៅក្រុង-ខេត្តសៀមរាប គឺមានករណីរាតត្បាតជំងឺកូវីដ19 យ៉ាងធ្ងន់ធ្ងរផងដែរ មិនគួរឈ្មួញឆ្លៀតឱកាសប្រព្រឹត្តនូវអំពើល្មើសច្បាប់ ហើយក្នុងករណីខ្លះអាជ្ញាធរហាក់មានភាពធូររលុង ទើបការធ្វើអាជីវកម្មខុសច្បាប់នៅតែបន្តកើតមានជាហូរហែ៕
ដោយ ៖ សិលា