ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញនៅតែបន្ដដឹក ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ បានជាង២៦ម៉ឺនគ្រួសារហើយគិតត្រឹមថ្ងៃទី៤ ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានបន្ដដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញបានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋជាទ្រង់ទ្រាយធំរហូតដល់បានរាប់ម៉ឺនគ្រួសារក្នុងមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះបានឈានដល់ទីបញ្ចប់នៅថ្ងៃទី០៥ ខែឧសភានេះហើយ។
លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២១នេះថា៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញបានចំនួន២៦៤.២០២គ្រួសារ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ម្សិលមិញនេះ ។ ចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ រហូតដល់រាប់ម៉ឺនគ្រួសារក្នុងមួយថ្ងៃដូចសកម្មភាពកន្លងមកនេះ បានឈានដល់ទីបញ្ចប់នៅថ្ងៃទី០៥ ខែឧសភានេះ ហើយ។
សូមបញ្ជាក់ថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ខាងលើនេះបានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអុីវ និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់៕

ដោយ ៖ សំរិត


ចែករំលែក៖