ខេត្តព្រះវិហារ៖ បើតាមលិខិតរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា លោកវរសេនីយ៍ឯក ចៅ ស៉ីផល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភាម្សិលមិញនេះ បានទទួលមរណភាពហេីយ។
នៅក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ចៅ ស៉ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩។
សូមជម្រាបថា លោកវរសេនីយ៍ឯក ចៅ ស៉ីផលឥ នាពេលកន្លងមកគាត់មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុងទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។
ដូច្នេះមរណភាពរបស់លោកវរសេនីយ៍ឯក ចៅ ស៉ីផល មិនមានការពាក់ព័ន្ធជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនោះទេ៕ ដោយ៖សហការី