ជាលើកដំបូងក្នុងការចេញទៅប្រកួតកញ្ញាឯកនៅក្រៅប្រទេសដែលសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកគឺជាអ្នករៀបចំកម្មវិធីស្វាមគមន៍ទ្រង់ទ្រាយធំសម្រាប់កញ្ញាឯកចក្រវាឡកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោយកញ្ញារ៉េត សារីតា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី២៣ ខែមេសាមកម្ល៉េះ ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំសម្បើមជាងគេលើកទី៦៩ គឺកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០។
ធ្វើដំណើរទៅដល់ប្រទេសមហាអំណាចនេះភ្លាម សារីតា ត្រូវបានសហគមន៍ខ្មែរនៅអាមេរិកទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការទៅដល់សហរដ្ឋអាមេរិក ជាពិសេសគ្រប់គ្នាសុទ្ធតែសម្តែងការគាំទ្រ និងកោតសរសើរពីសមត្ថភាពរបស់បេក្ខនារីពីកម្ពុជាយ៉ាងច្រើនកុះករ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការស្វាគមន៍ការធ្វើដំណើរមកដល់របស់នាងដោយរួមទាំងការប្រើប្រាស់រថយន្តប្រណីតលំដាប់អភិជន ការស្វាគមន៍ជាមួយនឹងកម្មវិធីផ្លូវការដ៏គគ្រឹកគគ្រេងមិនធ្លាប់មាន រួមទាំងពិធីសាសនា និងការកម្សាន្តជាច្រើន។ នេះសបញ្ជាក់ឱ្យឃើញពីការរួបរួមសាមគ្គី ការផ្តល់កម្លាំងចិត្តដ៏ធំសម្បើមគួរជាទីរីករាយ ពិសេសការមិននិយមការសម្ញែង ប៉ុន្តែបង្ហាញពីភាពទន់ភ្លន់ រឹងមាំប្រកបដោយទំនុកចិត្តពីកញ្ញាឯកកម្ពុជាផងដែរ។ អ្នកគាំទ្រនៅកម្ពុជាបន្តផ្ញើសារ លើកទឹកចិត្តគាំទ្ររ៉េត សារីតាជាច្រើន និងរំពឹងថានាងនឹងធ្វើឲ្យកម្ពុជាលេចមុខលេចមាត់លើឆាកអន្តរជាតិ។
រ៉េត សារីតា ត្រូវបានអ្នកគាំទ្រពេញចិត្ត និងមានក្តីរំពឹងខ្ពស់ថានាងអាចនឹងនាំមកនូវភាពលេចធ្លោសម្រាប់ជាតិក្រោយពីនាងជាបេក្ខនារីមានទំនុកចិត្តខ្ពស់ ឆ្លងកាត់ការហ្វឹកហាត់បានយ៉ាងល្អ ពិសេសលើការប្រើប្រាស់ភាសា និងចំណេះដឹងទូទៅនោះតែម្តង។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រកញ្ញាឯកចក្រវាឡពិភពលោក ២០២០ ឬ Miss Universe 2020 នឹងរៀបចំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។នាងត្រូវបានបងប្អូនខ្មែរនៅអាមេរិក នាំទៅទស្សនាកម្សាន្តនៅទីលានវាយកូនហ្គោល និងបានទៅវត្តខ្មែរនៅអាមេរិក ដើម្បីឲ្យព្រះសង្ឃប្រោសព្រំយកសិរីសួស្តី។ បន្ថែមពីនេះ ក៏មានពិធីស្វាគមន៍កញ្ញា ដែលត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅផងដែរ។ រូបថត និងវីដេអូមួយចំនួនចុងក្រោយដែលត្រូវបានគណនីផ្លូវការកញ្ញាឯកចក្រវាឡកម្ពុជា រួមទាំងអ្នកគាំទ្របានបង្ហាញកាន់តែធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកមានទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងចំពោះនាង។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកទទួលបានការចាប់អារម្មណ៍ខ្ពស់ពីទស្សនិកជននៅកម្ពុជា ពិសេសក្រោយពីកម្ពុជាបានបញ្ជូនបេក្ខភាពប្រកបដោយសមត្ថភាព សក្កានុពលទាក់ទាញទៅចូលរួមការប្រកួតហើយបេក្ខនារីទាំងនោះបាននាំមកនូវមោទកភាពសម្រាប់ប្រទេសកម្ពុជា បើទោះបីជាពួកគេមិនទាន់បានគ្រងមកុដកញ្ញាឯកណាមួយមកវិញក៏ដោយ ៕
ដោយ៖ វឌ្ឍនា