ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ៣៤ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារតែមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះតែសំណាងដែរដែលមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៣រសៀលនិងម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១ស្ថិតនៅស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍។
តាមអាជ្ញាធរស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៤៩នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅស្រុកចន្ទ្រាមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះបណ្ដាលឱ្យរបើកប៉ើងដំបូលផ្ទះចំនួន២ខ្នងជារបស់ឈ្មោះ ថៃ សង់ ភេទប្រុស អាយុ២៩ឆ្នាំ ផ្ទះមានជញ្ជាំងឥដ្ឋ ដំបូលប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រគុណនឹង១២ម៉ែត្រ របើកប៉ើងដំបូល នៅក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា និងផ្ទះរបស់ឈ្មោះ ម៉ា សុភឿន ភេទប្រុស អាយុ៣៦ឆ្នាំ ផ្ទះសាងសង់អំពីឈើប្រក់សង័្កសី ទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ របើកប៉ើងដំបូលខាងក្រោយ ស្ថិតនៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា។
តាមអាជ្ញាធរស្រុកកំពង់រោទ៍បានឱ្យដឹងដែរថា នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៥ ខែឧសភាមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យមានការដួលរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅឃុំថ្មី ក្នុងនោះមានភូមិកោះត្រាច ភូមិអូរ ភូមិជប់ព្រីង និងឃុំត្នោត មានភូមិធំ ដោយធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងក្នុងនោះ ប៉ើងដំបូល២៣ខ្នង និងរលំទាំងស្រុង៩ខ្នងផងដែរ៕
ដោយ៖ យឹម សុថាន