ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះណែនាំ និងផ្អាកទីតាំងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ដែលឲ្យមនុស្សចូលផឹកកាហ្វេជុំគ្នា មិនសូវខ្វល់ពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយមិនរក្សាគម្លាត និងផ្គេីនវិធានការរាជរដ្ឋាភិបាល។ ករណីចុះផ្អាកហាងកាហ្វេនេះដែរ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះតៗគ្នារហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេនេះ។
បេីយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “Em Dara” បង្ហោះកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ទីតាំងហាងកាហ្វេនេះស្ថិតនៅម្ដុំផ្សារយើង ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
គណនីឈ្មោះ “Em Dara” បានបញ្ជាក់ខ្លឹមសារទាំងស្រុងដូច្នេះថា “ម្តុំវត្តចាក់អង្រែ ជុំគ្នាផឹកកាហ្វេ ហាក់មិនសូវខ្វល់ បើកអង្គព្រោប្រាជ្ញ កោកកាកឡើងវល់ លែងគិតខ្វាយខ្វល់ កូវីដជុំខ្លួន។” ដែលមានការចែករំលែករិះគន់ផ្អើលពេញបណ្ដាញសង្គមផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នបន្ទាប់ពីទទួលបានព័ត៌មាននេះ គេឃើញខាងអាជ្ញាធរ និងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះទៅអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពជួបជុំគ្នាបែបនេះបន្តតទៅទៀត ដោយត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរលក្ខណៈវេចខ្ចប់បាន រហូតមានការជូនដំណឹងជាថ្មី ៕ដោយ៖ សហការី