ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចចក្រីផ្តល់អំណោយស្បៀងអាហារនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងអំឡុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅភូមិគ្រឹះសម្តេច នាព្រឹកថ្ងៃទី៨ ខែឧភាឆ្នាំ២០២១នេះ។ អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន១១.២៤០គីឡូក្រាម គ្រឿងបរិភោគឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី និងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្មេញជាដើម។

នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយនិងចូលរួមរមណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។

សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចជាតិ ពីវិបត្តិជំងឺរាតត្បាតនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្តាក់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។

សម្តេចក៏បានកោតសរសើរផងដែលដល់សកម្មភាពមនុស្សធម៌នានា ដែលកើតឡើងយ៉ាងផលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្លា ក្នុងសង្គមខ្មែរតាំងពីដើមមក៕

ដោយ ៖ សិលា


ចែករំលែក៖