ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួលស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ៤០១គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះបានចែកជូនដល់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខក៏ដូចជាការលំបាករបស់បងប្អូន ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនាដោយសារអត់បាយនោះទេ ។ ដោយសារបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បាននិងកំពុងចរាចរ ស្ទើរគ្រប់ទីកន្លែង លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រា លំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងសូមកុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ។
លោក ថេង សុថុល បានលើកឡើងទៀតថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរនៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួនមិនគិតពីការឆ្លងជំងឺកូវីដ-១៩ នោះឡើយ។ ដូច្នេះ ការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរ មានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនេះ ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហែសឱ្យសោះ ។
បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូន ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ទំងន់២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ និងទឹកត្រី ១យួរ ៕
ដោយ៖ ជីណា