សារចែករំលែកទុក្ខជាច្រើនហូរហែបានផ្ញើទៅកាន់ផលិតករភាពយន្តល្បីឈ្មោះលោក ចាន់ណា រ៉ូណាន ក្រោយពីគេទទួលបានដំណឹងថា ប្អូនប្រុសបង្កើតរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់លោកបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា “ខ្ញុំបាទជូនដំណឹងដល់តារាសម្តែង ក្រុមការងារ បងប្អូនទាំងអស់ថាប្អូនប្រុសខ្ញុំបាទ ណាវ៉ា ចាន់ណា កាន់ខាងផ្នែករៀបចំឆាក បានទទួលមរណភាពហើយកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ២០២១វេលាម៉ោង៩និង៣០នាទីយប់ដោយគ្រោះថ្នាក់ចរាចរណ៍នាខេត្តបន្ទាយមានជ័យ។ សារនេះអមទៅដោយរូបថតអនុស្សាវរីយនៃការបំពេញការងារផលិតភាពយន្តកន្លងមកជាមួយគ្នា នឹងសិល្បករដទៃ។ រូបភាពនិងសារនេះទទួលបានធ្វើឲ្យសិល្បករ និងអ្នកដែលធ្លាប់បំពេញការងារជាមួយលោក ណាវ៉ា ចាន់ណា បានសម្តែងការសោកស្តាយ និងផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ។ កាន់តែអាណិតក្រោយពីគេដឹងថាលោកទើបនឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារ ពិសេសប្រពន្ធដែលជិតគ្រប់ខែសម្រាលកូនផងដែរ។ ពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណីក៏ត្រូវបានរបៀបចំធ្វើឡើងនៅទឹកដីកំណើតនាខេត្តបន្ទាយមានជ័យ នេះក៏ជាដំណឹងជូនទៅកាន់សិល្បករ និងក្រុមការងារដែលធ្លាប់បានស្គាល់ និងបំពេញការងារជាមួយយុវជនខាងលើផងដែរ។
ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះការបាត់បង់សមាជិកក្រុមគ្រួសាររបស់ផលិតករ ហើយនេះគឺជាការបាត់បង់ធនធានផ្នែកសិល្បៈភាពយន្តដ៏មានទេពកោសល្យផងដែរ។ ក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ណាវ៉ា ចាន់ណាបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា