ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង៖​ ជំរុញឲ្យរដ្ឋបាលអាមេរិកលោក​ បៃឌិន​ លុបចោលបម្រាមនាំចេញវ៉ាក់សាំងCOVID-19

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញសម្តីរបស់លោក អែមម៉ានុយអែល ម៉ាក្រុង​ ប្រធានាធិបតីបារាំង​ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកលុបចោលការរឹតត្បិត ឬបម្រាមលើការនាំចេញវ៉ាក់សាំង COVID-19 និងវត្ថុធាតុដើមសំខាន់ៗដែលចាំបាច់សម្រាប់ផលិតវ៉ាក់សាំង។

ទីភ្នាក់ងារសារព័ត៌មាន BBC បាននិយាយបន្ថែមថា​ ចំពោះការអំពាវនាវរបស់លោក ម៉ាក្រុង​ ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន​ កំពុងខ្វែងគំនិតគ្នាជុំវិញមធ្យោបាយបង្កើនការផលិតវ៉ាក់សាំង នៅទូទាំងពិភពលោក ក្រោយរដ្ឋបាលាមេរិកលោក ចូ បៃដិន ប្រកាសគាំទ្រលើកលែងប៉ាតង់វ៉ាក់សាំង។

បើតាមការអះអាងពីលោកប្រធានាធិបតីបារាំង​ បានបញ្ជាក់ថា​ ការបង្កើនការនាំចេញ និងការផលិត ទើបជាមធ្យោបាយល្អមួយក្នុងការដោះស្រាយវិបតិ្ត COVID-19 នាពេលបច្ចុប្បន្ន។​ បន្ថែមពីនេះ​លោក​ ម៉ាក្រុង​ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «គន្លឹះសំខាន់ដើម្បីផលិតវ៉ាក់សាំងឱ្យបានកាន់តែលឿនរហ័សសម្រាប់ផ្គត់ផ្គង់ដល់បណ្ដាប្រទេស ក្រីក្រទាំងអស់ ឬប្រទេសមានប្រាក់ចំណូលមធ្យម នោះគឺបង្កើនការផលិត»។

ប្រធានាធិបតីបារាំងរូបនេះ​ បន្តទៀតថា​ សហរដ្ឋអាមេរិក​ គួរតែលុបចោលការរឹតត្បិតមិនមែនត្រឹមតែលើ ការនាំចេញវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវលុបចោលការរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំងផងដែរ ដែលកំពុងបង្កការរាំងស្ទះដល់ការផលិត។

គួរជម្រាបថា​ បច្ចុប្បន្ន វ៉ាក់សាំង ១.២៥ពាន់លានដូស​ ត្រូវ​បានប្រើប្រាស់ ឬចាក់នៅជុំវិញពិភពលោក។ ក៏ប៉ុន្តែ វ៉ាក់សាំងតិចជាង ១ភាគរយតែប៉ុណ្ណោះ ត្រូវបានប្រើប្រាស់នក្នុងបណ្ដាប្រទេសក្រីក្រចំនួន២៩ នៅជុំវិញពិភពលោក ហើយវ៉ាក់សាំងភាគច្រើនកំពុងស្ថិតនៅកណ្ដាប់ដៃប្រទេសអ្នកមានដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលត្រូវបានគេរាយការណ៍ថា បានទិញវ៉ាក់សាំងស្ដុកទុកលើសមិនប្រើរាប់រយលានដូស៕ដោយ​៖ស​ តារា​

រូបភាព​៖AFP និងBBC


ចែករំលែក៖