ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុងរស់នៅក្នុងរាជធានីភ្នំពេញនឹងបានទទួលបានការចាក់បាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ 

   ការបញ្ជាក់របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី០៩  ខែឧសភាឆ្នាំ២០២១ ក្នុងឱកាសដែលលោកអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងបានចុះទៅពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងនេះ ដំណើរបានរលូន ជាមួយនឹងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។

    លោកឃួង ស្រេង បានលើកឡើងថា៖ ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាយ៉ាងល្អជាមួយក្រុមប្រតិបត្តិយុទ្ធនាការនៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងខណ្ឌដែលមានការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងតំបន់ក្រហមនេះត្រូវបានបែងចែកជាដំណាក់កាលនៃការចាក់ផងដែរ ។ 

   លោកអភិបាលរាជធានីបញ្ជាក់ថា៖ ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត នៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ជាដំណាក់កាល ពោលគឺយើងត្រូវតែចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ ។

    លោក ឃួង ស្រេងបានបន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានគិតគូរណាស់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែផ្ដល់នូវការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជាស្បៀងអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។

   ជុំវិញនៃការចាក់វ៉ាក់សាំងនេះ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈនៃចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងនោះ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថា បើមាននរណាម្នាក់យកលុយពីការចាក់វ៉ាក់សាំងនេះ សូមរាយការណ៍ជាបន្ទាន់មកក្រុមការងារ ដើម្បីយើងមានវិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសទាំងនោះ ព្រោះថា ការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្រ្តី មិនតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ បរិច្ចាគលុយកាក់ទៅលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ៕

ដោយ ៖ សំរិត


ចែករំលែក៖