“ទិវារំឭកគុណមាតា” ឬពាក្យងាយៗហៅថា “ទិវារំឭកគុណម្តាយ”ត្រូវបានធ្វើឡើងដើម្បីដឹងគុណចំពោះអ្នកម្តាយជាទីស្រឡាញ់របស់កូនៗម្នាក់ៗ។ ដោយឡែកសម្រាប់អ្នកដែលនៅមិនទាន់បានដឹងទិវាមួយនេះ គួរតែចាប់ផ្តើមដឹងពីពេលនេះទៅ ហើយសម្រាប់អ្នកដែលធ្លាប់បានដឹងដែរ ប៉ុន្តែនៅមិនទាន់បានធ្វើអ្វីទាល់តែសោះជូនចំពោះអ្នកម្តាយដែលជាអ្នកមានគុណរបស់ខ្លួន នោះ សូមចាប់ផ្តើមចូលរួមបង្ហាញពីក្តីស្រឡាញ់ ការគោរពដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអ្នកម្តាយនៅដើមខែឧសភានៃឆ្នាំនីមួយៗ។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិតពីប្រវត្តិ ក៏ដូចជាគុណសម្បត្តិរបស់ទិវាដ៏សែនមានអត្ថន័យនេះ សូមប្រិយមិត្តទាំងអស់បន្តតាមដាននូវអត្ថបទជាបន្តដូចខាងក្រោម ៖
ប្រវត្តិនៃទិវារំឭកគុណម្តាយ
ទិវារំឭកគុណម្តាយ (Mother’s Day) គឺជាពិធីបុណ្យមួយដែលមានដើមកំណើតចេញពីទឹកដីនៃសហរដ្ឋអាមេរិកតាំងពីអំឡុងឆ្នាំ1908មកម្ល៉េះ។ Mother’s Day ត្រូវបានកំណត់ធ្វើនៅថ្ងៃអាទិត្យ សប្តាហ៍ទីពីរនៃខែឧសភា (សម្រាប់សហរដ្ឋអាមេរិក) ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២១នេះទិវាបុណ្យរំឭកគុណម្ដាយ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យទី09 ខែឧសភានេះឯង។
ទិវារំឭកគុណម្ដាយ មិនមែនជាពិធីដែលត្រូវតែរៀបចំធំដុំដូចពិធីបុណ្យសំខាន់ៗមួយចំនួន ដូចជា បុណ្យណូអែល បុណ្យ Thank Giving ឬបុណ្យ Ester នោះទេ តែវាជាពេលដ៏ល្អបំផុតក្នុងការសម្តែងនូវទឹកចិត្តគោរពស្រឡាញ់ចំពោះអ្នកម្តាយដែលជាអ្នកមានគុណរបស់ខ្លួន។ នៅក្នុងប្រទេសមួយចំនួន ទិវារំឭកគុណម្ដាយ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងវិញ ថ្ងៃនេះ គ្រាន់តែជាថ្ងៃធម្មតាមួយប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលចង់ប្រារព្ធពិធីនេះ ដើម្បីបង្ហាញពីទឹកចិត្តគោរពស្រឡាញ់ចំពោះអ្នកម្តាយរបស់ពួកគេនោះ ពួកគេគ្រាន់តែប្រារព្ធពិធីជាលក្ខណៈធម្មតាតូចតាច ឬជាលក្ខណៈផ្ទាល់ខ្លួនសម្រាប់សមាជិកនៅក្នុងគ្រួសារតែប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ។
តើក្នុងថ្ងៃទិវារំឭកគុណម្ដាយ គេធ្វើអ្វីខ្លះ?
សម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសដែលប្រារព្ធធ្វើពិធីនេះយ៉ាងពេញលេញ គេតែងរៀបចំកម្មវិធីជួបជុំសមាជិកគ្រួសារ ទទួលទានអាហារជាមួយអ្នកម្តាយ បង្កើតនូវភាពភ្ញាក់ផ្អើលដ៏រីករាយជូនអ្នកម្តាយរបស់ខ្លួន និងជាពិសេសគឺមានរៀបចំនូវកាដូ ដើម្បីជាអំណោយសម្រាប់អ្នកម្តាយរបស់ពួកគេជាដើម។ ទោះជាទិវានេះគឺជា
ទំនៀមទម្លាប់របស់បរទេសក៏ដោយ ប៉ុន្តែទិវានេះ គឺមានភាពល្អប្រសើរនិងទទួលបានការគាំទ្រជាខ្លាំងនៅជំុវិញពិភពលោក ដែលជាហេតុធ្វើឱ្យប្រទេសកម្ពុជាយើងក៏បានទទួលយកនូវវប្បធម៌ដ៏ប្រពៃនេះដើម្បីបង្ហាញពីភាពកត្តញ្ញូដឹងគុណចំពោះមាតា ដែលជាអ្នកមានគុណបំផុតរបស់កូនៗផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើងវិញ ក៏បាន
រៀបចំនូវទិវារំឭកគុណម្ដាយនេះ មិនសូវជាខុសគ្នាខ្លាំងពីប្រទេសលោកខាងលិចប៉ុន្មានដែរ គឺមានប្រារព្ធពិធីជប់លៀង និងទទួលទានអាហារជួបជុំក្រុមគ្រួសារ ថែមទាំងមានជូនជាកាដូចំពោះអ្នកម្តាយរបស់ខ្លួនដូចគ្នា។ វាហាក់ដូចជាមានភាពធម្មតាបន្តិចនៅក្នុងគំនិតរបស់អ្នក ប៉ុន្តែប្រសិនបើសកម្មភា ឬអំណោយទាំងអស់នោះ ត្រូវបាន
ផ្តល់ឱ្យអ្នកម្តាយនៅក្នុងថ្ងៃនោះ ធានាថាអ្នកម្តាយរបស់អ្នកនឹងមានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង ហើយអាហារពេលល្ងាច អំណោយនិងភាពរីករាយដែលអ្នកបានផ្តល់ទៅឱ្យគាត់នោះ ក៏នឹងកាន់តែមានអត្ថន័យ ជ្រាលជ្រៅផងដែរ។
បើទោះជា “ទិវារំឭកគុណម្តាយ” (Mother’s Day) គឺជាពិធីបុណ្យ របស់ប្រទេសប៉ែកអឺរ៉ុបក៏ពិតមែន ប៉ុន្តែវាជាទំនៀមទម្លាប់ដ៏ល្អមួយដែលយើងគួរតែធ្វើតាម ព្រោះនេះគឺជាឱកាសដ៏ពិសេសមួយ ដើម្បីឱ្យកូនៗគ្រប់រូបបានបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួនដែលមានចំពោះអ្នកម្តាយ ដែលជាស្ត្រីដ៏វិសេសវិសាលបំផុតតែម្នាក់គត់សម្រាប់កូន៕
ស្រាវជ្រាវនិងកែសម្រួលពីឯកសារដើមដោយ៖ ចៅតាជេត