ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ៖ រកឃើញស្ត្រីពលករម្នាក់ទៀត​ ទើបត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ​ មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀត ជាស្ត្រីពលករខ្មែរ ទើបវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែឧសភា។

នៅក្នុង​សេចក្តីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា ស្ត្រីដែលកើតជំងឺកូវីដ-១៩នេះ មានឈ្មោះ ឆៃ ស៊ីណា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ននេះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ស្ត្រីខាងលើនេះជាពលករ វិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ បានឆ្លងដែនមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ តាមច្រកទ្វារព្រំដែននៃខេត្តបន្ទាយមានជ័យ និងត្រូវបានដាក់ឱ្យធ្វើចតា្តឡីស័ក នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត ដោយបានស្នាក់នៅជាមួយពលករ ៣នាក់ផ្សេងទៀត។ ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបានធ្វើតេស្ករហ័សអ្នកពាក់ព័ន្ធទាំង៣នាក់ ទទួលបានលទ្ធផលអវិជ្ជមាន និងបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា (QC2) ដើម្បីតាមដានសុខភាព និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ព្រមទាំងបន្តស្រាវជ្រាវប្រវត្តិ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ចែងតាមនីតិវិធីបន្ត។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ខេត្តឧត្តរមានជ័យមាន អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ (ស្រី៤នាក់) បានព្យាបាលជាសះស្បើយចំនួន ២នាក់ (ស្រី១នាក់) កំពុងសម្រាកព្យាបាលចំនួន៤នាក់ (ស្រី៣នាក់) ជាករណីនាំចូលពីក្រៅប្រទេស៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ​ មាននៅខាងក្រោមនេះ​៖

ដោយ​ ៖ សហការី​

 


ចែករំលែក៖