អន្តរជាតិ៖ អ្នកកវី របស់មីយ៉ាន់ម៉ាម្នាក់ គឺលោក ខេត ធី ដែលជាអ្នកមានស្នាដៃ បន្ទាប់ពីលោកបានប្រកាសប្រឆាំងនឹងរបបសឹកយោធា ដែលកំពុងកាន់អំណាចនោះ ក៏ត្រូវបានចាប់ឃុំខ្លួនតែមួយយប់ប៉ុណ្ណោះ ត្រូវស្លាប់ក្នុងការឃុំឃាំង។ ចំណែកសាកសពរបស់លោកវិញ ក្រោយយកប្រគល់ឱ្យសាច់ញាតិស្រាប់តែបាត់ទាំងគ្រឿងក្នុងអស់ ព្រោះគេបានវះចេញ។ នេះបើយោងតាមការបង្ហោះហ្វេសប៊ុកក្រុមគ្រួសាររបស់លោក បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី៩ ខែឧសភា ម្សិលមិញនេះ។
ចំណែកជុំវិញករណីនេះដែរ អ្នកនាំពាក្យរបបសឹកយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបសំណើសុំការបំភ្លឺអំពីការស្លាប់របស់លោកខេត ធី ដែលបានសរសេរមួយឃ្លាថា “ពួកគេបាញ់តម្រង់ចំក្បាលប៉ុន្តែពួកគេមិនដឹងថាបដិវត្តន៍កើតចេញពីបេះដូងនោះទេ”។
ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុករបស់ភរិយាលោកខេត ធី បាននិយាយថា គាត់ឈ្មោះ ឆាវ ស៊ូ មានអាយុ ៤៥ ឆ្នាំ ហើយគាត់ទាំងពីរនាក់ត្រូវបានទាហាននិងប៉ូលីសចាប់ខ្លួនកាលពីថ្ងៃសៅរ៍ទី៨ឧសភា នៅកណ្តាលក្រុងស្វេបូក្នុងតំបន់សាង៉ាងដែលជាចំណុចស្នូលនៃការតស៊ូប្រឆាំងនឹងរដ្ឋប្រហារដែលបណ្តេញមេដឹកនាំអ៊ុងសាន ស៊ូជី។
បន្ថែមពីនេះ ភរិយារបស់អ្នកកវីរូបនេះ បានប្រាប់សារព័ត៌មាន BBC ជាភាសាអង់គ្លេសទាំងទឹកភ្នែកពីក្រុងម៉ូនីវ៉ា ថា “ខ្ញុំត្រូវគេសួរចម្លើយ។ គាត់ក៏គេសួរចម្លើយដែរ។ពួកគេនិយាយថាគាត់ស្ថិតនៅមជ្ឈមណ្ឌលសួរចម្លើយ។ ប៉ុន្ដែគាត់មិនបានត្រឡប់មកវិញទេ គឺមានតែសាកសពរបស់គាត់ប៉ុណ្ណោះ”។
លោកស្រីឆាវ ស៊ូ បន្តថា “ពួកគេបានទូរស័ព្ទមកខ្ញុំនៅពេលព្រឹកហើយប្រាប់ខ្ញុំឱ្យទៅជួបគាត់នៅឯមន្ទីរពេទ្យក្នុងទីក្រុងម៉ូនីវ៉ា។ ខ្ញុំគិតថាវាគ្រាន់តែជាការបាក់ដៃឬអ្វីមួយប៉ុណ្ណោះ…ប៉ុន្តែនៅពេលខ្ញុំទៅដល់ទីនោះ គាត់នៅកន្លែងដាក់សពហើយសរីរាង្គខាងក្នុងរបស់គាត់ត្រូវបានវះយកអស់រលីង”។ លោកស្រី បន្ថែមទៀតថា គេប្រាប់គាត់នៅមន្ទីរពេទ្យថា ប្តីគាត់មានបញ្ហាបេះដូង ប៉ុន្តែមិនខ្វល់ពីការអានលិខិតមរណភាពនោះទេ ព្រោះគាត់ដឹងច្បាស់ណាស់ថាវាមិនមែនជាការពិត។
លេីសពីនេះ ភរិយារបស់អ្នកកវីរូបនេះ បានសង្កត់ធ្តន់ថា កងទ័ពបានគ្រោងនឹងបញ្ចុះសពប្តីគាត់ទៅហើយប៉ុន្តែថាលោកស្រីបានអង្វរពួកគេសុំយកសាកសព។លោកស្រីមិនត្រូវបាននិយាយប្រាប់ថាហេតុអ្វីបានជាសរីរាង្គរបស់ប្តីគាត់ត្រូវបានគេវះយកនោះទេ៕ដោយ៖ស តារា
រូបភាព៖ ឯកសារ កវីមីយ៉ាន់ម៉ា លោក ខេត ធី និងប្រជាជនមីយ៉ាន់ម៉ា ធ្វើការតវ៉ា