ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានយោធភូមិភាគ៥ប្រជុំវាយតម្លៃការងារសប្តាហ៍ទី១ ខែឧសភា និងទិសដៅការងារបន្ទាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ រៀបចំកិច្ចប្រជុំសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២១ និងផែនការអនុវត្តបន្តក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក​ មេបញ្ជាការយោធភូមិភាគទី៥ហើយចូលរួមប្រជុំមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគនិងនាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យ នៅបន្ទប់ប្រជុំយោធភូមិភាគទី៥។

មានប្រសាសន៍បូកសរុប មេបញ្ជាការ បានវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពចំណុះយោធភូមិភាគទាំងអស់ដែលកន្លងមកអនុវត្តបានល្អតាមបទបញ្ជា និងតាមការណែនាំ យើងបានបញ្ជូនកម្លាំងចុះតាមបណ្ដោយព្រំដែនសហការត្រួតពិនិត្យពលករឆ្លងដែនមកពីថៃនិងកម្លាំងចូលរួមសហការបិទខ្ទប់នៅតំបន់ក្រហមប៉ោយប៉ែតហើយក៏បានឲ្យកម្លាំងចុះជួយប្រជាពលរដ្ឋមានការខ្វះខាតពិសេសសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។
ក្រុមការងារប្រតិបត្តិការក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅយោធភូមិភាគទី៥គ្រប់គោលដៅបានប្រឹងប្រែងរៀបចំចាក់ថ្នាំជូនអតីតយុទ្ធជននិងគ្រួសារកងទ័ពដំណើរការល្អបានរលូន។
*ទិសដៅបន្តស្នើតាមដានក្តាប់សភាពការណ៍ព្រំដែននិងសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗដើម្បីជួយដោះស្រាយទាន់ពេលវេលា។

ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកម្លាំង និងត្រៀមកម្លាំងអន្តរាគមន៍រង់ចាំបទបញ្ជា ពិសេសបន្តការចុះជួយសង្គ្រោះប្រជាពលរដ្ឋ។
ត្រូវបន្តអប់រំដល់យោធិនក្រោមឱវាទត្រូវជៀសឆ្ងាយពីគ្រឿងញៀន ទាំងសេព និងជួញដូរដាច់ខាតមិនឲ្យមានក្នុងអង្គភាព។

ត្រូវបន្តណែនាំអប់រំជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ត្រូវតែអនុវត្តតាមវិធានការសុខាភិបាលនិងអនុវត្តឲ្យម៉ឺងម៉ាត់ ៣ការពារនិង៣កុំ ដើម្បីកាត់ផ្តាច់ការចម្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍៕

ដោយ៖ សូរិយា


ចែករំលែក៖