ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ០២លើក ដោយឃាត់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់ យកទៅអប់រំ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ការបង្រ្កាបក្មេងទំនើងនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខហាងកាហ្វេ សាលាស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការបញ្ជាណែនាំពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ។
លោកបន្តថា ក្មេងទំនើង ចំនួន ០២ក្រុម បានណាត់វាយតប់គ្នា ០១លើកទើបសមត្ថកិច្ចចេញទៅបង្រ្កាបចាប់បាន១៤នាក់ និងបានធ្វើការនាំខ្លួនក្នុងនោះ ក្រុមBlack Moon មានគ្នាចំនួន ១០នាក់ និងក្រុមU2I មានគ្នាចំនួន០៤នាក់ ។ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំបិតចំនួន០២ដើម និងពូថៅ ចំនួន០១ ។
ដោយឡែកលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងដែរថា ព្រមជាមួយគ្នានេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ ០១លើក ដែលបានបង្កការអុកឡុកនៅលើកំណាត់ផ្លូវភ្លោះវាងក្រុង ក្នុងភូមិសាស្ត្រស្រុកសង្កែ មានចំនួន ០៤នាក់ ផងដែរ។
បច្ចុប្បន្នក្មេងទំនើងទាំង១៨នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះតទៀត រួចប្រគល់ជូនទៅអាណាព្យាបាលយកទៅអប់រំបន្តទៀតទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញវិញ ៕
ដោយ ៖ ប្រាថ្នា