ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃចាប់ពលករខ្មែរ៦នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់និងភរិយាជនជាតិថៃម្នាក់លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងទាហាននិងនគបាលស្រុកតាព្រះយ៉ា (ថៃ)បានចាប់ឃុំខ្លួនពលករខ្មែរ៦នាក់ ខណៈលួចឆ្លងដែនចូលប្រទេសថៃ ក្នុងទឹកដីស្រុកគោកឃ្យូង។ ដោយឡែកជនជាតិឥណ្ឌូនេស៊ី ព្រមទាំងភរិយាជាជនជាតិថៃ២នាក់ ដែលធ្វើការនៅកាស៊ីណូអនឡាញប៉ោយប៉ែត លួចឆ្លងដែនចូលប្រទេសថៃ ក្នុងទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ក៏ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនដែរ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលដែលបង្កើតក្រុមការងារអាសន្ន សំដៅលើជនជាតិខ្មែរនៅផ្សាររោងគ្លឿ ដើម្បីទប់ស្កាត់កូវីដ-១៩។
នេះបើយោងតាមការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก้ว-77 ข้าวเด็ด)។
អ្នកសារព័ត៌មានថៃកាលពីថ្ងៃទី៩ឧសភា ២០២១បានរាយការណ៍ថា ក្រោយពីក្រសួងមហាផ្ទៃថៃ បញ្ជូនលិខិតប្រញាប់បំផុត កាលពីថ្ងៃទី៧ឧសភា ២០២១ ដល់អភិបាលខេត្តគ្រប់ខេត្ត បញ្ជាឲ្យខេត្តជាប់ព្រំដែន សហការជាមួយស្ថាប័នពាក់ពន្ធ័ ដើម្បីគ្រប់គ្រងការលួចឆ្លងដែនចូលប្រទេស និងការដឹកជញ្ជូនពលករបរទេសចូលថៃខុសច្បាប់។ ជាមួយនេះក៏ឲ្យបង្កើតប៉ុស្ត៍ត្រួតពិនិត្យ តាមបទបញ្ជារបស់លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រង ការពារការរាតត្បាតជំងឺកូវីដ-១៩ពីប្រទេសជិតខាង ផងដែរជាពិសេសការប្រតិបត្តិក្នុងតំបន់ព្រំដែន និងផ្ទៃក្នុងប្រទេស តាមទីប្រជុំជន។ ដោយឡែកខេត្តស្រះកែវ បាននាំទិន្នន័យរបស់បណ្ដាញលួចឆ្លងដែនចូលប្រទេសថៃរបស់ពលករខ្មែរ នៅបរិវេណព្រំដែនកម្ពុជា-ថៃ មកបង្ហោះតាមបណ្ដាញសង្គម ដោយបញ្ជាក់ថា ប្រជាជននៅមូលដ្ឋានមិនហ៊ានផ្ដល់ទិន្នន័យដល់មន្រ្តីរដ្ឋបាល ដោយសារសមត្ថកិច្ចពាក់ពន្ធ័ នឹងមានចំណែកផងដែរ ។ ជាមួយនេះក៏បានអំពាវនាវឲ្យអាជ្ញាធរដែនដី ផ្នែកសន្តិសុខ និងសមត្ថកិច្ចទទួលខុសត្រូវក្នុងមូលដ្ឋានអនុវត្ត ដោយនាំរូបភាពឃ្លីបវីដេអូខណៈក្រុមលួចនាំពលករបរទេសនៅភូមិណង យ៉ាកែវ ស្រុកគោគឃ្យូង នាំយករថយន្តធុនតូចចំនួនរាប់គ្រឿង បើកចូលទៅទទួលពលករខ្មែរ នៅបរិវេណក្រោយភូមិណង យ៉ាកែវ ព្រមទាំងចង់ឲ្យខាងផ្នែកសន្តិសុខ អាជ្ញាធរដែនដី ចុះទៅមើលទទួលខុសត្រូវ បើសិនអ្នកភូមិមានជំងឺកូវីដ១៩មករាត្បាតក្នុងភូមិ តើអ្នកណាទទួលខុសត្រូវ?
ចុងក្រោយ នៅថ្ងៃទី៩ឧសភា សមត្ថកិច្ចទាហានឈុតខ្មៅ អង្គភាពចំពោះកិច្ចអារញ្ញ កងកម្លាំងបូផាបានចាប់ឃុំខ្លួនមនុស្សលួចឆ្លងដែនពីប្រទេសជិតខាង ចូលមកប្រទេសថៃ បានថែម២នាក់ទៀត ក្រោយពីត្រួតពិនិត្យ រកឃើញបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ នឹងភរិយាជនជាតិថៃម្នាក់ ដែលធ្វើការនៅកាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលួចឆ្លងចូលប្រទេសថៃថាមច្រករបៀង ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ត្រូវបានឃាត់ខ្លួនដែរ។
សមត្ថកិច្ចថៃអះអាងថាចំពោះពលករខ្មែរអាជ្ញាធរថៃកំពុងតែសាកសួរនិងធ្វើកំណត់ហេតុដើម្បីអនុវត្តតាមច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖