ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីដឹកប្រពន្ធកូនទៅធ្វើការកម្មករសំណង់បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពត្រូវរថយន្តទេសចរណ៍បុកស្លាប់កូនផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងដោយធ្វើឱ្យកូនស្រីស្លាប់ ចំណែកឪពុកម្ដាយរងរបួសធ្ងន់ខណៈជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព ត្រូវរថយន្តប្រភេទទេសចរណ៍ដែលបើកបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៨នាទីព្រឹក ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៥និង១២៦ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា កូនស្រីដែលស្លាប់មានឈ្មោះ លឹម​ ពិសី អាយុ៥ឆ្នាំ និងឪពុករងរបួសធ្ងន់មានឈ្មោះ លឹម វុទ្ធី អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់និងប្រពន្ធឈ្មោះម៉ុញ ចាន់ធួន  អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ បឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយកើតហេតុឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ដដឹកអ្នកដំណើរប្រភេទទេសចរណ៏ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៣០៤៧នៅនិឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាWave
ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា៣នាក់ក្នុងទិសដៅពីជើងទៅត្បូង លើផ្លូវជាតិលេខ១ ហើយដោយសារអ្នកបើកៗមិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយរថយន្តប្រភេទទេសចរណ៍ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B- ៣០៤៧ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ុន្តែអកុសលក្មេងស្រីឈ្មោះ លឹម​ ពិសី រងរបួសធ្ងន់ ក៏បានដាច់ខ្យល់ស្លាប់គួរឱ្យអាសូរ។

រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖