ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ មេបញ្ជាការ កងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពតំបន់ក្រហមដែលត្រូវបិទខ្ទប់(Lockdown) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបើកអោយដំណើរការចេញ-ចូលឡើងវិញនូវតំបន់មួយចំនួន និងបន្តបិទខ្ទប់តំបន់ក្រហមមួយចំនួន រួមទាំងបិទខ្ទប់តំបន់ថ្មីតូចៗបន្ថែមទៀត ដោយសាររកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាហានិភ័យក្នុងការឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរចិត្តដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមបិទខ្ទប់ទាំងអស់ មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ កំពុងបំពេញប្រតិបត្តិការ ដើម្បីសេចក្តីសុខសុវត្ថិភាពជូនពុកម៉ែបងប្អូន និងមាតុភូមិកម្ពុជា។ ជាពិសេសសូមចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ  អោយបានគ្រប់ៗគ្នា ដើម្បីធានាការកាត់ផ្តាច់ការឆ្លងរីករាលដាលបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរងនាយសេនាធិការ បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះ និងអាជ្ញាធរទាំងអស់ ដែលអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អត់ធ្មត់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ៕

ដោយ៖ សូរិយា


ចែករំលែក៖